(ភ្នំពេញ)៖ នៅត្រីមាសទី១ ឆ្នាំ២០២១នេះ ធនាគារ ហត្ថា រកចំណូល ២១៤,៥១៥លានរៀល (ប្រមាណជាង៥២លានដុល្លារ) កើនឡើងជាង១៩% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ មានចំនួន ១៧៩,៥៩៥លានរៀល (ប្រមាណ៤៤លានដុល្លារ)។ នេះបើតាមរបាយការណ៍របស់ធនាគារ ហត្ថា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែឧសភានេះ។
របាយការណ៍បន្តថា នៅត្រីមាសទី១ ឆ្នាំ២០២១នេះ ធនាគារ ហត្ថា ចំណេញសុទ្ធចំនួន ៤៦,១៩៨ លានរៀល (ជាង១១លានដុល្លារ) កើតឡើង៦៣% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ចំនួន ២៨,២២០លានរៀល (ជិត៧លានដុល្លារ) ។
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១នេះ ធនាគារ ហត្ថា មានទ្រព្យសកម្មសរុបចំនួន ៦,៨៧២,១១៦ លានរៀល (ប្រមាណ១៧០០លានដុល្លារ)។
ធនាគារ ហត្ថា ម.ក បានឲ្យដឹងថា ខ្លួនបានសម្រេចលទ្ធផលគួរជាទីគាប់ចិត្ត ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ រួមមានផលប័ត្រឥណទាន បានកើនឡើងដល់ចំនួន ១ ៤១២ លានដុល្លារអាមេរិក ដោយបានកើនឡើង ៧% បើធៀបនឹងត្រីមាសមុនសមតុល្យប្រាក់បញ្ញើសន្សំ បានកើនឡើងដល់ចំនួន ៨២១ លានដុល្លារអាមេរិក ដោយកើនឡើង ៤% បើធៀបនឹងត្រីមាសមុន ហើយឥណទានមិនដំណើរការ គឺ ០.៩០% ដោយសារផលប៉ះពាល់ពីជំងឺកូវីដ១៩។
នៅដំណាច់ត្រីមាសទី១ ធនាគារ ហត្ថា ម.ក បានផ្តល់ការគាំទ្រដល់អតិថិជនតាមរយៈការរៀបចំឥណទានសារឡើងវិញ ជូនដល់អតិថិជនជាង ១៤ ០០០ នាក់ ស្មើនឹងចំនួនទឹកប្រាក់ប្រហែលជិត ១៤០ លានដុល្លារអាមេរិក ហើយធនាគារ ក៏បានធ្វើទំនើបកម្មលើសេវាធនាគារចល័តរបស់ខ្លួន ដោយទទួលបានចំនួន៤៥% ស្មើនឹងចំនួនអ្នកប្រើប្រាស់ជាង ២៣ ០០០ នាក់៕