(ពោធិ៍សាត់)៖ ឆ្កែរបស់ប្រជាពលរដ្ឋចំនួន១ក្បាល ស្ថិតនៅភូមិក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ត្រូវបានក្រុមចោរដាក់ថ្នាំបំពុលងាប់ ដើម្បីចូលលួចគោអស់២ក្បាល ដោយសុវត្ថិភាព​នៅយប់រំលងអាធ្រាត្រចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦។

លោក ឈន រិទ្ធ អធិការនគរបាល ក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថាក្រុមចោរបានដាក់ថ្នាំបំពុលឆ្កែ រួចលួចគោអស់២ក្បាលប្រជាពលរដ្ឋឈ្មោះ ឡេង ភេទ អាយុ៥៣ឆ្នាំ​ជាស្ត្រីមេម៉ាយ រស់នៅភូមិកើតហេតុ។ លោកអធិការថា ជាមុខសញ្ញាចាស់ ដែលធ្លាប់លួចគោក្របីនៅឃុំកោះជុំ ស្រុកកណ្តៀង ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងដុតដៃដុតជើង តាមរកជនល្មើស មកផ្តន្ទាទោសឲ្យទាល់តែបាន។ ប្រជាពលរដ្ឋនៅម្តុំនោះ បានដាក់ការសន្និដ្ឋានថា នេះអាចជាគម្រោងការដំបូង របស់ក្រុមជនសង្ស័យ ដែលមុននឹងពួកវាធ្វើសកម្មភាព អ្វីមួយបន្តទៀត ដូចជា គាស់ផ្ទះ ប្លន់ លួច និងសកម្មភាពផ្សេងទៀត នៅពេលគ្មានសកម្មភាពរំខានដោយឆ្កែទំាងនោះ។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា នៅចន្លោះក្នុង១ខែមុននេះ មានករណីដាក់ថ្នាំបំពុលឆ្កែ១ក្បាល រួចលួចគោ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ដដែល ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏សូមសំណូមពរឲ្យ លោកមេប៉ុស្តិ៍ និងលោកមេភូមិ យកចិត្តទុកសហការគ្នា ដាក់ពង្រាយកម្លំាងល្បាតក្នុងមូលដ្ឋាន ជាប្រយោជន៍ការពារសន្តិសុខ និង បង្ការបញ្ហាអសកម្មផ្សេងៗ ដែលអាចកើតមានឡើង៕