(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រោសព្រះរាជទានអរព្រះគុណជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានថ្វាយព្រះពរដល់ទ្រង់ នៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ ព្រះវស្សា។
ក្នុងព្រះរាជសារព្រះមហាក្សត្រជីវិតតម្កល់លើត្បូង ទ្រង់មានព្រះរាជឱង្ការយ៉ាងដូច្នេះថា៖ «ខ្ញុំបានទទួលរួចហើយនូវលិខិតថ្វាយព្រះពររបស់សម្តេចក្រឡាហោម ស ខេង ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដែលបានថ្វាយសព្វសារធុការពរចំពោះខ្ញុំ នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១»។
«ខ្ញុំសូមកោតសរសើរ ចំពោះសម្តេចក្រឡាហោម និងសហការីទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ចំពេញការងារបម្រើជាតិ មាតុភូមិ និងបានចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទទួលបានលទ្ធផលល្អប្រសើរ»។
សូមជម្រាបថា កាលថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានផ្ញើសារថ្វាយ ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង ក្នុងឱកាសប្រកបដោយសិរីមង្គលនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ៕
ខាងក្រោមនេះជាព្រះរាជសារព្រះមហាក្សត្រ៖