(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន នៅរសៀលថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់បន្ថែមទៀត។
អ្នកវិជ្ជមានជំងឺកូវីដ១៩ ដែលទើបរកឃើញនេះរួមមាន៖ ឈ្មោះ សុង រ៉ា ភេទស្រី អាយុ ៦៤ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្ននៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានមុខរបរ លក់ខោអាវជជុះក្នុងផ្សារកូនដំរី។
ដោយឡែកពីរនាក់ទៀត ជាប្តីប្រពន្ធ ឈ្មោះ សូ ញាក់ ភេទប្រុស អាយុ ៦២ឆ្នាំ និងឈ្មោះ ថា វី អាយុ ៦២ឆ្នាំ អ្នកទាំងពីរមានមុខរបរជាអ្នកធ្វើចម្ការ អាសយដ្ឋានអចិន្ត្រៃយ៍នៅភូមិធ្លោកវៀន ឃុំធ្លោកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
រដ្ឋបាលខេត្តបានគូសបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ស្ត្រីឈ្មោះ សុង រ៉ា បានធ្វើដំណើរចេញពីស្រុកម៉ាឡៃ ឆ្ពោះទៅផ្ទះប្អូននៅភូមិកូនដំរី ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយបានស្នាក់នៅទីនោះចំនួន ០១យប់។ លុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ស្ត្រីឈ្មោះ សុង រ៉ា បានធ្វើដំណើរចេញពីភូមិកូនដំរី ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សំដៅមកភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន ដើម្បីយកខោអាវមកលក់នៅផ្សារព្រំ។
ប៉ុន្តែពេលមកដល់ចំណុចព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តប៉ៃលិន ប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យសុខភាពភ្នំកុយ បានធ្វើតែស្តរហ័សចំនួន ០៣លើក រកឃើញវិជ្ជមានជំងឺកូវដ-១៩ ទាំង ០៣លើក ហើយក្រុមការងារបានបញ្ជូនវត្ថុសំណាកទៅធ្វើតែស្តនៅមន្ទីរពិសោធន៍ខេត្តបាត់ដំបង លទ្ធផលវិជ្ជមានដដែល។
ដោយឡែកករណីគូស្វាមីឈ្មោះ សូ ញាក់ និងប្រពន្ធឈ្មោះ ថា វី នៅថ្ងៃទី១៦ ខែឧសភា បានធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួនម៉ាក Mazda ពាក់ស្លាកលេខ ភ្នំពេញ 2AG-5445 ពណ៌ស និងរួមដំណើរចំនួន ០៥នាក់ ចេញពីភូមិធ្លោកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឆ្ពោះមកភូមិអូរដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងរយៈពេលធ្វើដំណើរ បានឈប់នៅកន្លែងចាក់សាំង មុំពុកឆ្មា មានលក់សត្វស្លាប (ខេត្តបាត់ដំបង រួចបន្តជារំ ចូលតាមច្រករ៉ែដែកសំឡូត មកខេត្តប៉ៃលិន វេលាម៉ោង ៥ល្ងាច។
ក្នុងរបាយការណ៍បានបញ្ជាក់ថា ករណីរកឃើញវិជ្ជមានជំងឺកូវីដ១៩ ទាំង៣នាក់នេះ មានអ្នកជាប់ពាក់ព័ន្ធចំនួន ១១នាក់។
រដ្ឋបាលខេត្តប៉ៃលិន បានអំពាវនាវដល់សាធារណជន ដែលធ្លាប់មានការប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង៣នាក់ខាងលើនេះ តាមដានសុខភាព និងត្រូវទៅយកវត្ថុសំណាកនៅមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព៕