(កំពង់ឆ្នាំង)៖ អភិបាលស្រុកសាមគ្គីមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងចំរុះ ចុះពិនិត្យការបិទខ្ទប់ភូមិចំនួន២ គឺភូមិក្ងោកពង់ និងភូមិត្រពាំងព្រីង ក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ក្រោយរកឃើញមនុស្សចំនួន១២ឆ្លងកូវីដ១៩។
ក្នងការបិទខ្ទប់ភូមិចំនួន២ខាងលើនេះ លោកអភិបាលស្រុកប្រាប់កម្លាំងប្រចាំការឲ្យចុះណែនាំប្រជាពលរដ្ឋ ឲ្យយល់អំពីគោលបំណង នៃការបិទខ្ទប់ភូមិនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ក្នុងសហគមន៍។
ជាមួយគ្នានេះ ក្រុមការងារក៏បានផ្សព្វផ្សាយផងដែរ នូវអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ដែលបានណែនាំដល់ប្រជាពលរដ្ឋឲ្យអនុវត្តនូវវិធាន «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួន។
លោកក៏បានណែនាំឲ្យកម្លាំងប្រចាំការតាមដានពីជីវភាពប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ជាមួយវិធានការបិទខ្ទប់នេះ ពិសេសគឺគ្រួសារក្រីក្រ។ ក្នុងការឆ្លើយតប លោកអភិបាលក៏បានដោះស្រាយជីវភាពប្រជាពលរដ្ឋក្រីក្រ១គ្រួសារ និងក្រុមគ្រួសារនិវត្តន៍ជន១គ្រួសារ ដែលប៉ះពាល់ដោយសារវិធានបិទខ្ទប់នេះ ដោយក្នុង១គ្រួសារៗ ទទួលបានអង្ករ២២គីឡូក្រាម ទឹកត្រី១យួរ ទឹកសុំអ៊ីវ១យួរ មី២៥កញ្ចប់ និងត្រីខ៥កំប៉ុង។
ប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ១៩ សរុបរកឃើញត្រឹមថ្ងៃទី១៧ ខែឧសភា មានចំនួន១២នាក់ស្មើនឹង១៤ខ្នងផ្ទះ។ ក្នុងនោះនៅក្នុងភូមិក្ងោកពង់ មានចំនួន៥នាក់ ស្មើនឹង៥ខ្នងផ្ទះ រកឃើញនៅថ្ងទី១៧ ខែឧសភា និងត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច និងរកឃើញនៅភ្នំពេញ១នាក់ពាក់ព័ន្ធ២ខ្នងផ្ទះ រកឃើញនៅថ្ងៃទី១៤ ខែឧសភា ត្រូវបានបញ្ជូនទៅព្យាបាលនៅកោះពេជ្រ។
ចំណែកនៅក្នុងភូមិត្រពាំងព្រីង មានចំនួន៧នាក់ ស្មើនឹង៧ខ្នងផ្ទះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមិន្ទីពេទ្យបង្អែកស្រុកកំពង់ត្រឡាចផងដែរ៕