(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានទទួលសម្ភារសុខាភិបាល និងគ្រឿងឧបភោគបរិភោគរបស់បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់រដ្ឋបាលខេត្ត ដើម្បីរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ពិធីទទួលសម្ភារនេះ បានធ្វើឡើងក្រោមវត្តមានលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត និងភាគីវៀតណាម។
ក្នុងនាមលោកអភិបាលខេត្តស្វាយរៀង, លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណជូនចំពោះបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ដែលបានផ្តល់ជំនួយឧបត្ថម្ភសម្ភារសុខាភិបាល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនរដ្ឋបាលខេត្តស្វាយរៀង ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩នេះ ពិតជាមានសារសំខាន់ និងចាំបាច់ក្រៃលែង ដើម្បីរួមចំណែកលុបបំបាត់ទាំងស្រុងនៃការរីករាលដាលជំងឺឆ្លងសកលដ៏កាចសាហាវមួយនេះ។
លោក តូច ប៉ូលីវ៉ា កាយវិការដ៏ថ្លៃថ្លានេះស្តែងឱ្យឃើញនូវទឹកចិត្តដ៏ល្អប្រពៃ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសមូលដ្ឋានខេត្តជាប់ព្រំដែន ហើយក៏បានបង្ហាញពីស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមកក្នុងគ្រាជួបគ្រោះទុក្ខភ័យ ការលំបាកនៃវិបត្តិជំងឺកូវីដ១៩។
ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏បានជូនពរចំណងទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ជាពិសេសបណ្តាខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ កាន់តែមានការអភិវឌ្ឍ រីកចម្រើន៕