(ឧត្ដរមានជ័យ)៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តដំណើរចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយ កុមារកំព្រា ជនពិការ និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ៣៤១១ គ្រួសារ ដែលមក ពីក្រុងសំរោង ស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងថា ថ្ងៃនេះ ជាថ្ងៃទី២ ហើយដែល សម្ដេចបានចុះមកជួបសំណេះសំណាលប្រជាពលរដ្ឋ ក្នុងខេត្ដឧត្ដរមានជ័យនេះ ។
នៅក្នុងពិធីសំណេះសំណាលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋថា «សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវរក្សាសុខភាពឲ្យបាល្អ ត្រូវមានអនាម័័យល្អជានិច្ច ហើយត្រូវពិសារទឹកដាំពុះ, កុំសេពគ្រឿងញៀន, ត្រូវបើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយគោពរច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ និងសូមឲ្យអ្នកដែលមានផ្ទុកមេរោគអេដស៍ មិនត្រូវដើរចម្លងទៅអ្នកដទៃឡើយ»។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ថ្លែងបន្តទៀតថា ពិសេស ដើម្បីកាត់បន្ថយភាពក្រីក្រនៅទីនេះ ឲ្យបានច្រើន សូមបងប្អូនកុំធ្វើចំណាកស្រុក ដូច្នេះសូមស្នើដល់ម្ចាស់សិប្បកម្មលើវិស័យដំឡូងឱ្បបង្កើនការវិនិយោគបន្ថែម ទៀត ដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកនេះ មានការងារធ្វើកាន់តែច្រើនថែមទៀត ។
សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត បានសំណូមឲ្យប្រជាលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះគ្រាប់មិនទាន់ផ្ទុះ ទោះបើទីកន្លែងនោះត្រូវបានខាងសុីម៉ាក់ធ្វើការពិនិត្យ រួចរាល់ហើយក៏ដោយ ។
ក្នុងឱកាសនោះដែរ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក៏បានពាំនាំនូវព្រះរាជបន្ទូលផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាព្រះប្រធានកិតិ្តយសកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្ដឧត្ដរមានជ័យនេះ ។
ក្នុងដំណើរនៃការអញ្ជើញចុះសួរសុខទុក្ខនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំយកនូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាបាន រួមមាន ថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជាច្រើនទៅជូនដល់បងប្អូនប្រជាពលរដ្ឋ មានដូចជា ចាស់ៗ គ្មានទីពឹង កុមារកំព្រា ជនពិការ ស្ត្រីមេម៉ាយ និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ៣៤១១ គ្រួសារ ដែល មក ពីក្រុងសំរោង ស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ម្សិលមុិញនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រតិភូអមដំណើរ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនប្រជាពលរដ្ឋ ចំនួន ២២៥៥ គ្រួសារ រួមទាំង បានផ្ដល់នូវអណ្ដូងតទឹក ២៥ និងស្រះទឹកចំនួន១០ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកអង្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យផងដែរ៕