(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ពីក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១៣៖០០នាទីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ មន្រ្តីនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ បានបញ្ចប់ការសាកសួរលើកញ្ញា ស្រីមុំ បន្ទាប់ពីមានសាកសួរអស់រយៈពេលជាង៤ម៉ោង។
បន្ទាប់ពីសាកសួរស្រីមុំ បានចាកចេញទៅភ្លាមៗ ដោយទុកឲ្យលោកស្រី ទ្រី ឈូន មេធាវីជាអ្នកថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន។ លោកស្រីមេធាវីបាននិយាយថា កូនក្តីរបស់លោកស្រីបដិសេធសម្លេងនៅក្នុងខ្សែអាត់ដែលបែកធ្លាយ នៅលើបណ្តាញសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយ។
សូមជំរាបថា កញ្ញា កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ បានមកដល់ការិយាល័យនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនហើយ នៅវេលាម៉ោង ប្រមាណ៨៖៥០នាទី ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ ដើម្បីបំភ្លឺជុំវិញរឿងអាស្រូវស្នេហាជាមួយលោក កឹម សុខា៕