(ភ្នំពេញ)៖ លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាល សមាគមវារីវប្បករកម្ពុជា បានបញ្ជាក់ថា ត្រីចិញ្ចឹមរបស់បងប្អូនវារីវប្បករ (អ្នកចិញ្ចឹមត្រី) នៅក្នុងប្រទេសកម្ពុជា មានគុណភាពល្អ និងរសជាតិឆ្ងាញ់សឹងនឹងមានលក្ខណៈដូចត្រីធម្មជាតិ។
ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក សុខ រ៉ាដែន អញ្ជើញចូលរួម ក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «ការវិវឌ្ឍន៍ នៃវិស័យចិញ្ចឹមត្រីនៅកម្ពុជា និងការគាំទ្រត្រីចិញ្ចឹមក្នុងស្រុក» តាមរយៈប្រព័ន្ធពីចម្ងាយ។
លោក សុខ រ៉ាដែន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅកម្ពុជាយើងនេះ បងប្អូនវារីវប្បករ (អ្នកចិញ្ចឹមត្រី) គឺចិញ្ចឹមត្រីបានល្អណាស់ ហើយគាត់ចិញ្ចឹមសឹងនឹងមាន លក្ខណៈដូចត្រីធម្មជាតិ ដោយសារប្រភពទឹកមានច្រើនល្អ និងចំណីល្អ ជាពិសេសមានការយល់ដឹងច្រើន ដូច្នេះគុណភាពត្រី ក្នុងស្រុក គឺល្អ»។
លោក សុខ រ៉ាដែន បានឲ្យដឹងថា បន្ទាប់ពីមានការលើកទឹកចិត្ត និងគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចិញ្ចឹមសត្វក្នុងស្រុក ក៏ឃើញថា មានបងប្អូនប្រជាពលរដ្ឋ បានផុសផុល នាំគ្នាងាកមករបរចិញ្ចឹមសត្វ។
តាមរយៈការផុសផុល លើការចិញ្ចឹមសត្វនេះ សមាគមវារីវប្បករកម្ពុជា ក៏បានចូលរួមចំណែក លើកស្ទួយវិស័យចិញ្ចឹមត្រីផងដែរ ដោយក្នុងនោះបានចូលរួម ចែករំលែកចំណេះជំនាញផ្សេងៗ រួមមាន៖ ការផ្ដោតលើគុណភាព និងការចិញ្ចឹម ដើម្បីទទួលបានផលល្អជាដើម។
លោក សុខ រ៉ាដែន បានបន្ថែមទៀតថា បន្ទាប់ពីបង្កើតសមាគមជាង១ឆ្នាំមកនេះ សមាគមបានធ្វើការយ៉ាងសកម្ម ជាមួយបងប្អូនសមាជិកវារីវប្បករកម្ពុជា ហើយគិតមកដល់ថ្ងៃនេះ សមាជិកអ្នកចិញ្ចឹមត្រីរបស់សមាគម មានជិត៣០០នាក់ និងកំពុងមានអ្នកចង់ចូលរួមជាច្រើនទៀត។
លើសពីនោះទៀត សមាគមវារីវប្បករកម្ពុជា ក៏បានចង់ក្រងជាមួយសមាជិកផ្សេងៗ ដើម្បីចែករំលែកចំណេះដឹង ស្ដីពីការចិញ្ចឹមត្រី ការជ្រើសរើសពូជត្រី និងរបៀបចិញ្ចឹម ដើម្បីទទួលបានផលល្អជាដើម។
លោក សុខ រ៉ាដែន បានបញ្ជាក់ថា ចំពោះបរិមាណត្រី សមាគមមានត្រីច្រើនដូចជា ត្រីពោ, ត្រីឆ្ដោរ, ត្រីអណ្ដែង និងត្រីប្រាជាដើម ដោយការចិញ្ចឹម មានរយៈពេលខ្លី និងឆាប់រហ័ស និងមានគុណភាពល្អ។
បន្ថែមពីនោះទៀត លោក សុខ រ៉ាដែន បានបញ្ជាក់ថា បច្ចុប្បន្ននេះ សមាគមវារីវប្បករកម្ពុជា និងអង្គការខាស់ បាននិងកំពុងធ្វើភូគាមអនាម័យ ដើម្បីត្រួតពិនិត្យ លើគុណភាពត្រី។ សមាគម ក៏បានផ្ដល់បច្ចេកទេស ដល់សមាជិក ដើម្បីធ្វើយ៉ាងណា ឲ្យមានអនាម័យខ្ពស់ផងដែរ៕