(បាត់ដំបង)៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក និងលោកស្រី កែ សួនសុភី នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានឧបត្ថម្ភសេរ៉ូមចំនួន២០កេស តាមរយៈលោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង ជូនដល់មន្ទីរពេទ្យយោធភូមិភាគទី៥ «ពេទ្យព.២» សម្រាប់ជួយព្យាបាលកងទ័ព និងប្រជាពលរដ្ឋ ដែលមកទទួលសេវាព្យាបាលសង្គ្រោះផ្សេងៗ នៅក្នុងមន្ទីរពេទ្យ ព.២។
ក្នុងឱកាសសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូពេទ្យ ក្នុងមន្ទីរពេទ្យយោធភូមិភាគទី៥ លោក ណុប ដារ៉ា បានកោតសរសើរដល់ទឹកចិត្តលោកគ្រូ អ្នកគ្រូពេទ្យយោធភូមិភាគទី៥ ដែលកន្លងមក បានយកចិត្តទុកដាក់ក្នុងការព្យាបាលទាំងកងទ័ព គ្រួសារកងទ័ព ជាពិសេស គឺប្រជាពលរដ្ឋដែលមានភាពទីទាល់ក្រ ដែលកាយវិការនេះ គឺស្ដែងឱ្យឃើញអំពីការចូលរួមសម្រាលបន្ទុកជាមួយប្រមុខរដ្ឋាភិបាល។
ប្រធានមន្ទីរយោធភូមិភាគទី៥ «ពេទ្យព.២» បានថ្លែងអំណគុណដល់លោកអភិបាលរងខេត្ត ដែលបាននាំអំណោយសប្បុរសធម៌ យកមកប្រគល់ឱ្យមន្ទីរពេទ្យទុក សម្រាប់ប្រើប្រាស់តាមតម្រូការចាំបាច់របស់មន្ទីរពេទ្យ និងព្យាបាលជូនអ្នកជំងឺប្រកបដោយវិជ្ជាជីវៈផងដែរ៕