(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា បានថ្លែងជំរុញទៅកាន់មន្រ្តីរបស់ខ្លួនទាំងអស់ ក្នុងនោះមានទាំងកងកម្លាំងប្រដាប់អាវុធ ត្រូវបង្កើនការបម្រើសេវាជូនប្រជាពលរដ្ឋ តាមអនុសាសន៍៣ម៉ាត់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺ «ធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យតម្លាភាព»។
នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាព ដោយមានការចូលរួមពីអភិបាលរង អធិការរងនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ ស្មៀន នាយប៉ុស្តិ៍ ប្រធានភូមិ អនុប្រធាន និងសមាជិកភូមិ ព្រមទាំងការិយាល័យចំណុះជំនាញនានាជុំវិញខណ្ឌ និងតំណាងសាលារៀនទាំងអស់ ក្នុងមូលដ្ឋានខណ្ឌ។
នៅក្នុងកិច្ចប្រជុំខាងលើនេះ លោកអភិបាលខណ្ឌបានលើកឡើងអំពីការងារមួយចំនួនដូចជា៖ទី«១-ជំរុញឲ្យយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ទី២-ទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសផ្សេងៗ ដូចជា បទល្មើសគ្រឿងញៀន បទល្មើសលួចឆក់ ប្លន់ និងល្បែងស៊ីសងគ្រប់ប្រភេទ និងទី៣-រួមគ្នាចំពោះការងារបរិស្ថាន អនាម័យ សម្អាតតាមផ្លូវសាធារណៈ។
ជាពិសេសនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គណៈអភិបាលខណ្ឌ អធិការដ្ឋាននគរបាលខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ និងមេភូមិទាំងអស់ បានប្តេជ្ញាចិត្តរួមគ្នា អនុវត្តឲ្យបានតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ គឺបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ «ធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យតម្លាភាព»។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌក៏បានឧបត្ថម្ភដល់ អធិការដ្ឋាននគរបាលខណ្ឌ ដែលបានបង្ក្រាបបទល្មើសប្លន់ ចំនួន០១ករណី នូវថវិកា ៨០០.០០០រៀលផងដែរ៕