(ភ្នំពេញ)៖ នៅក្នុងព្រឹត្តិការសហគមន៍២០កុម្ភៈ បានបណ្តាលឲ្យជំងឺកូវីដ-១៩ ឆ្លងរាលដាលជាបន្តបន្ទាប់ អូសបន្លាយពេល មកដល់បច្ចុប្បន្ន ដែលនាំឲ្យមានមនុស្សឆ្លងជំងឺ ជាង២ម៉ឺននាក់ និងស្លាប់១៥៤នាក់ គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។
ដោយអនុវត្តតាមការដឹកនាំចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅក្នុងកាលៈទេសៈនេះ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញកម្លាំងទៅចូលរួមយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ ក្នុងប្រតិបត្តិការ បង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រប់រូបភាព ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់នូវអំណោយដ៏ថ្លៃថ្លា រួមមានអង្ករ និងមី ចំនួន១,៤៤៧ឈុត តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចែកជូនដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលបានចូលរួមអនុវត្តវិធានការបិទខ្ទប់ក្នុងរយៈកាលកន្លងមក ចំនួន១,៤៤៧នាក់ ទុកជាការលើកទឹកចិត្ត និងបំពេញបន្ថែមតម្រូវការប្រើប្រាស់ក្នុងក្រុមគ្រួសាររៀងៗខ្លួន។
ក្នុងឱកាសបែងចែកអំណោយនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់នាយទាហានដែលជាតំណាង តាមបណ្តាអង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យក្រើនរំលឹកដល់សមាជិករបស់ខ្លួនគ្រប់រូបបន្តរួមចំណែកអនុវត្ត បេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ តទៅមុខទៀតដោយឥតរុញរា ក្នុងស្មារតីទទួលខុសត្រូវនិងប្តេជ្ញាខ្ពស់ ស្របតាមបទបញ្ជាថ្នាក់លើ ក៏ដូចជាការណែនាំនានា របស់ក្រសួងសុខាភិបាល និងអនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕