(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងបើកវេទិកាពិភាក្សារួមគ្នាមួយ ចាប់ពីម៉ោង ០៨:៣០នាទីព្រឹក ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៦ នៅវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា ដើម្បីពិភាក្សា អំពីការធ្វើកំណែទម្រង់ និងបញ្ហាប្រឈមនានា ដោយមានការចូលរួមពីសិស្ស-និសិ្សតគ្រឹះស្ថានឧត្តមសិក្សា មន្ត្រីរាជការ និងអ្នកជំនាញអាជីពមកពីវិស័យឯកជន។
វេទិកានេះផ្តោតទៅលើវិស័យអប់រំ និងពាណិជ្ជកម្ម ដែលផ្តល់ការយល់ដឹងកាន់តែទូលំទូលាយ និងស៊ីជម្រៅជូនសិស្ស-និស្សិតកម្ពុជា និងវិស័យឯកជន អំពីសារៈសំខាន់នៃការធ្វើកំណែទម្រង់នានា និងតួនាទីរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងអប់រំ យុវជន និងកីឡា ឆ្លុះបញ្ចាំងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានោះ អ្នកសម្របសម្រួល នឹងបញ្ជូនសំណួរដែលសួរភ្លាម ពីអ្នកចូលរួមនៅទីនោះផ្ទាល់ និងមិនផ្ទាល់តាមរយៈប្រព័ន្ធអេឡិកត្រូនិក ទៅកាន់ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប ដើម្បីធ្វើការឆ្លើយតប។
សិក្ខាសាលាជាស៊េរីរបស់ក្រសួងពាណិជ្ជកម្មនេះ ត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០១៦ ចាប់ពី៨៖៣០ព្រឹក ដល់ ១១៖០០ព្រឹក នាវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា (សាលាតិចណូ) ដោយសារតែកន្លែងមានកំណត់ សូមជួយធ្វើការណែនាំដល់អ្នកដែលមានបំណងចូលកម្មវិធីនេះ ឲ្យរួសរាន់ចុះឈ្មោះតាមរយៈទំព័រ Everbrite (https://www.eventbrite.com/e/22535521351) ឬតាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម (www.facebook.com/moc.gov.kh)៕