(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌខេត្តបាត់ដំបង ដឹកនាំដោយលោកលោកវរសេនីយ៍ទោ អូន ហ្វៃ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយនគរបាលខេត្តព្រះវិហារ តាមចាប់មេចោរប្លន់បាញ់សម្លាប់ជនរងគ្រោះកាលពី១០ឆ្នាំមុន នៅទឹកដីស្រុកថ្មគោល ហើយការតាមបង្ក្រាបនេះ បានធ្វើឡើងរហូតដល់ខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ម្សិលមិញនេះ។
លោក អូន ហ្វៃ បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះថា កាលពី១០ឆ្នាំមុន មេចោរប្លន់រូបនេះ រួមជាមួយបក្ខពួក៣នាក់ទៀត បានធ្វើសកម្មភាពបាញ់ប្លន់ ប៉ុន្តែពេលនោះជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលបាញ់សម្លាប់ ពេលបាញ់តដៃគ្នា ហើយក្រោយមកបក្ខពួក២នាក់ទៀត ត្រូវបានចាប់ខ្លួន ខណ:មេធំរូបនេះ បានរត់គេចខ្លួន រហូតតាមចាប់ខ្លួននៅពេលនេះ តាមដីកាបញ្ជាឲ្យចាប់ខ្លួន របស់តុលាការ។
ជនជាប់ចោទឈ្មោះ រិន វ៉ើន អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានប្រព្រឹត្តបទល្មើសឃាតកម្មគិតទុកជាមុន និងក្រុមជនប្រដាប់អាវុធ បានធ្វើសកម្មភាពនៅភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដែលបានកាត់ទោស ឲ្យជាប់ពន្ធធនាគាររយៈពេល២០ឆ្នាំ គិតចាប់តាំងពីថ្ងៃចាប់ខ្លួនបញ្ជូនចូលក្នុងពន្ធធនាគារ។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបតាមចាប់បានជនជាប់ចោទបានដោយមានកិច្ចសហការរវាង នគរបាលខេត្តព្រះវិហារ ដឹកនាំដោយលោកឧត្តមសេនីយ៍ ស៊ី គីរី ស្នងការនគរបាលខេត្ត ព្រះវិហារ និងសហការជាមួយលោកអធិការ ស្រុកជាំក្សាន ចាប់ខ្លួនបាន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១២៖៣០នាទី នៅភូមិស្រឯមជើង ឃុំស្រឯម ស្រុកជាំក្សាន រួចធ្វើកំណត់ហេតុប្រគល់និងទទួលបញ្ជូនមកខេត្តបាត់ដំបងវិញ ។
ក្រោយចាប់ខ្លួន កម្លាំងនគរបាល បានធ្វើការឆែកឆេរផ្ទះជនជាប់ចោទ រកឃើញអាវុធវែង AK និង CKC ជាមួយគ្រាប់ចំនួន៣០គ្រាប់ទៀតផង។
គួររំលឹកថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០០៦ មានក្រុមចោរប្រដាប់អាវុធមួយក្រុម បានធ្វើសកម្មភាពប្លន់នៅក្នុងភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្ដាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាជនរស់នៅក្នុងភូមិនោះ នាំគ្ស្រែកនាដេញចាប់ ក៏ត្រូវបានក្រុមចោរ បាញ់ត្រូវប្រជាជនម្នាក់ឈ្មោះ អឿន អ៊ុយ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង ហើយនៅក្នុងសកម្មភាពបង្ក្រាបនេះនគរបាលប៉ុស្តិ៍បន្សាយត្រែង ដឹកនាំប្រតិបត្តិដោយលោកនាយប៉ុស្តិ៍ រស់ ទូ ធ្វើការប្រយុទ្ធតតាំងគ្នា ចាប់បានជនសង្ស័យចំនួន ២នាក់ និងបាញ់តតាំងបណ្ដាលឲ្យស្លាប់បក្ខពួកចោរម្នាក់ ហើយមានម្នាក់បានរត់គេចខ្លួន គឺឈ្មោះ រិន វ៉ើន ភេទប្រុស អាយុ ៤៤ឆ្នាំ ដែលទើបនឹងបង្ក្រាបចាប់ខ្លួននេះ ៕