(ភ្នំពេញ)៖ នៅពឹ្រកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ១៨នាក់ ទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីចោរកម្ម0៣នាក់ និងករណីជួញដូរ និងសេពគ្រឿងញៀនចំនួន១៥នាក់។
តាមចម្លើយសារភាពរបស់ជនសង្ស័យ០៣នាក់ ដែលពាក់ព័ន្ធនឹងករណីចោរកម្មបានឲ្យដឹងថា កន្លងមកពួកគេធ្លាប់ធ្វើសកម្មភាពសរុប ចំនួន០៦ដងមកហើយ ដោយលើកទី១ក្នុងខែមីនា ឆ្នាំ២០១៦ លួចគាស់ផ្ទះនៅចំណុចផ្សារទួលទំពូង លួចបានម៉ូតូ០១គ្រឿងម៉ាកគុប៥០, លើកទី២ លួចកាច់កម៉ូតូបាន០១គ្រឿងម៉ាកឆាលី នៅចំណុចផ្សារដើមថ្កូវ, លើកទី៣ ឆក់ខ្សែក បានចំនួន០២ខ្សែ ពីស្រ្តីរងគ្រោះដោយមិនចាំទីកន្លែង, លើកទី៤ ឆក់ទូរស័ព្ទដៃពីស្រ្តីរងគ្រោះបានចំនួន០២គ្រឿងនៅចំណុចបឹងត្របែក, លើកទី៥ លួចកង់បាន០១គ្រឿង នៅចំណុចផ្សារទួលទំពូង ទើបតែលើកទី៦ ត្រូវបានកម្លំាងអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនបាន ខណៈកំពុងធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ នៅចំណុចផ្ទះលេខ៧៥៨ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ដោយឡែកជនសង្ស័យចំនួន១៥នាក់ទៀត ត្រូវបានកំលាំងជំនាញ ការិយាល័យបង្រ្កាបគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយអាវុធហត្ថខណ្ឌមានជ័យ និងអាវុធហត្ថខណ្ឌដង្កោ ឃាត់ខ្លួនបានពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ឃាត់ខ្លួនបានចំនួន០៨នាក់ និងមួយកន្លែងទៀតនៅចំណុចផ្លូវលំ ក្រុម៩ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឃាត់ខ្លួនបាន០៧នាក់៕