នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនចាប់ជនជាតិថៃ ជួញដូរគ្រឿងញៀនជិត១គីឡូក្រាម នៅក្រុងប៉ោយប៉ែត
11-03-2016 11:38
(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលមន្ទីរគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានធ្វើការស្ទាក់ចាប់ជនជាតិម្នាក់ ពីបទជួញដូរគ្រឿងញៀនខុសច្បាប់ ជិត១គីឡូក្រាម នៅរង្វង់មូលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការចុះចាប់ជនជាតិថៃ ជួញដូរគ្រឿងញៀនជិតមួយកីឡូក្រាមនេះ ដឹកនាំដោយលោក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាផ្ទាល់ដោយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ខៀវ សាម៉ន នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដោយកម្លាំងនគរបាល បានធ្វើការឃាត់ខ្លួនជនជាតិថៃ ឈ្មោះ សៃចាយ ចាន់យ៉ាន អាយុ៦៧ឆ្នាំ មុខរបរមិនពិតប្រាកដ នៅចំណុចរង្វង់មូលប៉ោយប៉ែត នៅម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៦ ដកហូតថ្នាំញៀនប្រភេទ ម៉ាទឹកកកចំនួន៧៤៥.៥ក្រាម។
បច្ចុប្បន្នជនសង្ស័យជនជាតិថៃ និងវត្ថុតាងត្រូវបាននគរបាលមន្ទីរគ្រឿងញៀន ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធី៕