(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានទទួលឧបករណ៍តេស្តកូវីដរហ័ស Covid-19 Ag RAPID TEST DEVICE ចំនួន ១៦០តេស្តឃីត ស្មើនឹង ៤,០០០តេស្ត ពីក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) ដែលជាសមាជិកនៃ Pernod Ricard Group។
ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល ដែលមានការចូលរួមពី អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ភើណូដ រីខាដ ខេមបូដ លោក ដារិន អុង ផងដែរ។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា អំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្រ្តីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយ ជំងឺកូវីដ-១៩ និងលើកទឹកចិត្តមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ឱ្យបន្តខិតខំទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអំណោយ មនុស្សធម៌ដ៏ថ្លៃថ្លានេះ ដែលនេះគឺជាកាយវិការ នៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិធានការការពារទប់ស្កាត់ និងឆ្លើយតបការរាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា។
លោក ដារិន អុង អគ្គនាយកក្រុមហ៊ុនភើណូដ រីខាដ (ខេមបូដ) បានថ្លែងថា ដោយបានស្វែងយល់ច្បាស់អំពីស្ថានភាពបច្ចុប្បន្ននៃកូវីដ១៩ នៅកម្ពុជា ឧបករណ៍តេស្តរហស័នេះនឹងជួយសម្រួលដល់ការងារ របស់បុគ្គលិកពេទ្យជួរមុខ គ្រូពេទ្យស្ម័គ្រចិត្ត និងវេជ្ជបណ្ឌិត ឱ្យដំណើរការតេស្តកូវីដ១៩ បានរហ័ស និងដឹងពីលទ្ធផលតេស្តបានលឿនជាងមុន ពីព្រោះឧបករណ៍នេះ ត្រូវបានបង្កើតឡើង និងប្រើប្រាស់នូវបច្ចេកវិជ្ជាទំនើប ដើម្បីពន្លឿនល្បឿនតេស្ត ប្រកបដោយភាពត្រឹមត្រូវ គុណភាព និងសុវត្ថិភាព។
ជាងនេះទៅទៀត ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) ដែលជាសមាជិកនៃ Pernod Ricard Group ក៏បានបញ្ជាក់ដែរថា នឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការរួមចំណែកការពារ ការចម្លង និងរីករាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា។
លោក ដារិន អុង បានថ្លែងបន្ដថា ក្នុងនាមជាធុរ:កិច្ច ដែលផ្តោតចំបងលើនិរន្តរភាព និងទំនួលខុសត្រូវ ភើណូដ រីខាដ ហ្រ្គុប (Pernod Ricard Group) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន នៅជុំវិញពិភពលោក បានផ្តួចផ្តើមនូវគំនិត ដែលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងស្រុក ក្នុងគ្រាលំបាកនេះ។
លោកបន្ដថា «យើងសង្ឃឹមថា ការចូលរួមចំណែករបស់យើងនៅថ្ងៃនេះ អាចជួយដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការងារដ៏សំខាន់របស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមនៃជំងឺកូវីដ-១៩ នៅកម្ពុជា ហើយគំនិតផ្តួចផ្តើមទាំងនេះ ពិតជាឆ្លុះបញ្ចាំងឱ្យឃើញអំពីស្មារតីរួសរាយរាក់ទាក់ (the conviviality) ដែលស្ថិតនៅចំចំណុចកណ្តាលនៃបេះដូងរបស់ ភើណូដ រីខាដ ហ្រ្គុប នោះគឺវប្បធម៌នៃការថែរក្សាគ្នាទៅវិញទៅមក»។
គួររម្លឹកថា នេះជាលើកទី២ហើយ ដែលក្រុមហ៊ុនបានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩ ក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ ការចម្លង និងរីករាលដាលនៃវីរុសនេះ នៅកម្ពុជា។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២២,៥៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១៣,០០៦នាក់ និងស្លាប់សរុបចំនួន១៥៤នាក់៕