(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ពីក្រសួងមហាផ្ទៃបានឲ្យដឹងថា មានក្រុមនិស្សិតកំពង់រង់ចាំអញ្ជើញកញ្ញា ស្រីមុំ ទៅចូលរួមធ្វើសន្និសិទរួមគ្នានៅរសៀលថ្ងៃនេះ ស្ថិតនៅទល់មុខមន្ទីរពេទ្យលោកសង្ឃ។ នៅនៅខណៈពេលនេះ (ម៉ោង១១៖១៥នាទី) កញ្ញា ស្រីមុំ មិនទាន់ចាកចេញពីបន្ទប់សាកសួរនៅឡើយនោះទេ។ ក្រុមនិស្សិតទាំងនោះ បានកាន់លិខិតមួយច្បាប់ សម្រាប់ទុកអញ្ជើញ កញ្ញា ស្រីមុំ ។
ដោយឡែកក្រុមអ្នកកាសែត កំពុងរង់ចាំនៅខាងក្រៅ នៃបន្ទប់សាកសួរ របស់នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ។
កញ្ញា កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ បានមកដល់ការិយាល័យនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនហើយ នៅវេលាម៉ោង ប្រមាណ៨៖៥០នាទី ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ។
លោក ស្រី ចំរើន តំណាងក្រុមនិស្សិតមួយក្រុមនោះ បានប្រាប់អង្គភាព Fresh News ឱ្យដឹងថា ពួកគេមានបច្ចេកទេស និងភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា «ស្រីមុំ»បដិសេធខ្សែអាត់សំឡេងនោះគឺកំពុងកុហកដល់មហាជន ហើយថាពួកគេនឹងធ្វើសន្និសីទកាសែតមួយ បង្ហាញពីបច្ចេកទេសផ្ទៀងផ្ទាត់នៃរលកសំឡេងរបស់កញ្ញា «ស្រីមុំ» នៅវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច (នៅទល់មុខពេទ្យលោកសង្ឃ) នារសៀលម៉ោង២៖០០ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ស្អែកនេះ៕