(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានជំរុញទៅកម្លាំងនគរបាលទាំងអស់ត្រូវបង្កើនកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ និងរក្សាសណ្តាប់ធ្នាប់សង្គមឲ្យកាន់តែល្អ ហើយការងារនេះលោកនៅមានភារកិច្ចមើលការខុសត្រូវមុនពេលលោកចូលនិវត្តន៍នាឆ្នាំ២០១៨។
ការថ្លែងបែបនេះ ខណៈលោកស្នងនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១១មីនា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមពិធី បិទវគ្គបំប៉នជំនាញមន្រ្តីនគរបាល អន្តរាគមន៍ពិសេសជំនាន់ទី២ ដោយមានការចូលរួមពីព្រះរាជអាជា្ញរងអមសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទ ពិសិដ្ឋ ព្រមទាំងស្នងការ ស្នងការរង ប្រធាន អនុប្រធានការិយាល័យនិងអធិការនគរបាលតាមបណ្តាខណ្ឌទាំងអស់ និងមន្រ្តីនគរបាលជាច្រើននាក់។
នាយឧត្តមសេនីយ៌ស្នងការបានបញ្ជាក់ថា មន្រ្តីនគរបាលមួយចំនួនចង់រត់ចេញពីខាងអន្តរាគមន៍ ប៉ុន្តែលោកបញ្ជាក់ថា ខាងអន្តរាគមន៍មិនសំដៅតែលើខាងបាតុកម្មប៉ុណ្ណោះទេ គឺអន្តរាគមន៍មានសិទ្ធជួយអន្តរាគមន៍គ្រប់ជំនាញ ក្នុងនោះក៍មានសភាពការណ៍សន្តិសុខនិងបទល្មើសផងដែរ ។
លោកស្នងការបញ្ជាក់ថា សិក្ខាកាម មួយចំនួនអវត្តមាននៅពេលទៅរៀន ហើយថ្នាក់លើក៍ទទួលភាពអាម៉ាសផងដែរ នៅពេលមន្រ្តីនគរបាលដែលទៅរៀន ត្រូវបណ្តេញចេញ ។ ក្រៅពីនោះលោកបញ្ជាក់ថា មន្រ្តីនគរបាលនិងត្រូវមានការផ្លាស់ប្តូរកន្លែង មិននៅមួយកន្លែងទេ ។
ព្រះរាជអាជា្ញរងអមសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បានថ្លែងថា ទៅថ្ងៃអនាគតលោករំពឹងថា ការសិក្សារបស់សិក្ខាកាមនិងក្លាយទៅជាមន្រ្តីនគរបាលយុត្តិធម៌ ។
សិក្ខាកាមទាំងអស់ បានប្តេជា្ញថា និងគោរពបទបញ្ជាក្រសួងមហាផ្ទៃ និងអនុវត្តបង្ការបង្រ្កាបបទល្មើសពិសេសអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាល ៕