(ភ្នំពេញ)៖ រយៈពេល១៦ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រោមបទបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជាង ៦៩ម៉ឺននាក់ ខណៈការចាក់ដូសទី២ ដែលចាប់ផ្តើមកាលពីថ្ងៃទី១៦ ខែឧសភា ម្សិលមិញនេះ ចាក់បានជាង ៣ម៉ឺននាក់។
យោងតាមរបាយការណ៍ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃចន្ទ ទី១៧ ខែឧសភា បានបង្ហាញថា នៅថ្ងៃទី១៦ ខែឧសភា ម្សិលមិញ ក្រុមការងារចាក់វ៉ាក់សាំងសម្រាប់អ្នកចាក់ដូសទី១ ចាក់បានចំនួន ១៤,៨៣១នាក់ ស្រី ៧,៩១៩នាក់។ សរុប១៦ថ្ងៃចាក់បានចំនួន ៦៩៤,២១៣នាក់ ស្រី ៣៧៥,២៣៤នាក់។ ដោយឡែកអ្នកចាក់ដូសទី២ ចាក់បាន ៣,៥៩៦នាក់។
តំបន់ក្រហមដែលកងទ័ពកំពុងប្រតិបត្តិការចាក់វ៉ាក់សាំងនេះ រួមមាន៖ ខណ្ឌមានជ័យ, ខណ្ឌដង្កោ, ខណ្ឌកំបូល, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានកត់សម្គាល់ថា ដំណើរការចាក់វ៉ាក់សាំងដូសទី២ ដែលដំណើរការនៅថ្ងៃម្សិលមិញនេះ នៅតែដំណើរការល្អប្រសើរ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមការងារ។
បើទោះបីយ៉ាងណានាយឧត្តមសេនីយ៍ បន្តក្រើនរំលឹកដល់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ពិនិត្យពិច័យឱ្យបានល្អិតល្អន់បំផុតក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ធ្វើយ៉ាងត្រូវប្រាកដគម្លាតការចាក់រវាងដូសទី១ មកដូសទី២ មានរយៈពេល ១៤ថ្ងៃ និងចាក់ឱ្យត្រឹមត្រូវតាមបច្ចេកទេស ដើម្បីធានាថា ពលរដ្ឋមានវ៉ាក់សាំងក្នុងខ្លួនការពារជំងឺកូវីដ១៩។
ជាមួយគ្នានាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅចាក់វ៉ាក់សាំងដូសទី២ ត្រូវយកឯកសារ និងបំពេញលក្ខខណ្ឌសំខាន់ៗមួយចំនួន។
ឯកសារ និងលក្ខខណ្ឌដែលត្រូវអនុវត្តន៍ឱ្យបានសម្រាប់ការចាក់វ៉ាក់សាំងដូសទី២នេះ រួមមាន៖ យកឯកសារជាទម្រង់ចាក់វ៉ាក់សាំងដូសទី១មកជាមួយ, ចាក់ដូសទី១ នៅកន្លែងណា ត្រូវចាក់ដូសទី២ នៅកន្លែងដដែលនោះ, ត្រូវដឹងពេលវេលាដែលកំណត់ចាក់ដូសទី២ (គ្រប់១៤ថ្ងៃ) ចៀសវាងការមកកកកុញ និងប៉ះពាល់ដល់ប្រសិទ្ធភាពរបស់ថ្នាំ។ ជាពិសេសនោះ អ្នកដែលមានជំងឺកូវីដ១៩ មិនអនុញ្ញាតឱ្យទៅចាក់ដូសទី២នោះឡើយ។
លោក ឥត សារ៉ាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី២រួចរាល់ ត្រូវរក្សាទម្រង់បណ្ណចាក់វ៉ាក់សាំងបណ្តោះអាសន្នឱ្យបានត្រឹមត្រូវ កុំឱ្យបាត់បង់ ឬរហែក ដើម្បីទុកប្តូរយកបណ្ណចាក់វ៉ាក់សាំង ដែលក្រុមការងារកំពុងផលិត។ ដោយឡែកអ្នកដែលទទួលបានបណ្ណចាក់វ៉ាក់សាំងហើយ ក៏ត្រូវចេះថែរក្សាកុំឱ្យបាត់បង់ ព្រោះអាចមានភាពចាំបាច់ប្រើប្រាស់ទៅថ្ងៃខាងមុខ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ នៅឡើយនោះទៅចូលរួមចាក់វ៉ាក់សាំង ព្រោះក្រុមការងារនៅតែបន្តចាក់ដូសទី១ជូន ហើយសូមចូលរួមអនុវត្តន៍ឱ្យបានល្អប្រសើរតាមវិធានសុខាភិបាលនៅពេលទៅចាក់វ៉ាក់សាំង៕