(កំពង់ស្ពឺ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្តល់អំណោយជាស្បៀងអាហារមួយចំនួន ជូនដល់ក្រុមគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ដើម្បីដោះស្រាយការលំបាកក្នុងជីវភាពកំលុងពេលវិបត្តិបង្កឡើងដោយជំងឺកូវីដ១៩។
អំណោយរបស់គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ ត្រូវបានឧត្តមសេនីយ៍ត្រី គីម វីរៈ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ យកទៅជូនក្រុមគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានការពារកោះឆ្នេរនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ។
លោក គីម វីរៈ ក្នុងនាមលោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមេបញ្ជាការ នាយនាវី នាយនាវីរង និងពលនាវឹក ដែលបានបូជាកម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ច ជួយសង្រ្គោះគ្រោះមហន្តរាយនាពេលកន្លងមក។
ឧត្ដមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការការពារកោះឆ្នេរ តំណាងឲ្យនាយ និងពលនាវឹកទាំងអស់ បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណ ដល់លោកទេសរដ្ឋមន្ដ្រី ដែលបានចាត់តំណាងនាំយកអំណោយមកប្រគល់ជូននាពេលនេះ។ លោកឧត្តមនាវីឯក បានបន្តថា អំណោយដែលទទួលបាននាពេលនេះ គឺសម្រាប់ចែកជូនគ្រួសារកងទ័ពចំនួន ១៦០គ្រួសារ ដែលរស់នៅបញ្ជាការដ្ឋាន ក្នុងវិធានការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩។
សូមបញ្ជាក់ថា សម្ភារៈ និងគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនកងទ័ពនាពេលនោះរួមមាន៖ អង្ករ ៤តោន (១៦០បាវ), ម៉ាស់ ៥កេស, ទឹកត្រី ១៦០យួរ, ត្រីខ ១៦កេស (១៦០យួរ), សម្ភារឃីត ១៦០ឃីត រួមមាន ប្រេងឆា, សាប៊ូ, អំបិល និង មី។ បន្ថែមពីលើនោះ ឧកញ៉ា អ៉ឹង គីមហុង តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន ឧបត្ថម្ភម៉ាស់ចំនួន ១ម៉ឺន ដល់បញ្ជារដ្ឋានការពារកោះឆ្នេរផងដែរ៕