(ព្យុងយ៉ាង)៖ មេដឹកនាំកំពូលផុតលេខរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) លោក គីម ជុងអ៊ុន បានបញ្ជាឲ្យត្រៀមទប់ទល់នឹងការវាយប្រហារពីសត្រូវពីគ្រប់រូបភាពទាំងអស់ ដោយប្រើប្រាស់គ្រាប់នុយក្លេអ៊ែរ ដ៏មានឥទ្ធិពលខ្លាំងអស្ចារ្យ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ ២០១៦។
ការថ្លែងរបស់មេដឹកនាំវ័យជាង ៣០ឆ្នាំ ខាងលើនេះបានធ្វើឡើង កាលពីអំឡុងពេលដែលលោក បានចូលរួមសមយុទ្ធបាញ់គ្រាប់រ៉ុក្កែតកាលពីពេលថ្មីៗនេះ ហើយត្រូវបានសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់សម្តីយកមកចុះផ្សាយជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ស្ថានការណ៍នៅតំបន់ឧបទ្វីបកូរ៉េកាន់តែតានតឹងខ្លាំង បន្ទាប់ពីកូរ៉េខាងជើង ធ្វើការសាកល្បងអាវុធប្រល័យលោក និងបាញ់បង្ហោះផ្កាយរណបខុសច្បាប់កាលពីខែមករា និងកុម្ភៈ ហើយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានថ្កោលទោស និងកៀងគរអន្តរជាតិឲ្យដាក់ទណ្ឌកម្មលើប្រទេសនេះ រហូតបានសម្រេចកាលពី ថ្ងៃទី០៣ ខែមីនា ដែលនាំឲ្យកូរ៉េខាងជើង កើតទុក្ខមិនសុខចិត្ត ព្រមទាំងបានបង្កើនឥទ្ធិពលកាន់តែខ្លាំង តាមរយៈការសាកល្បង អាវុធទំនើបៗកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕