(កំពត)៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីការរកឃើញមនុស្ស៣នាក់បន្ថែមទៀត វិជ្ជមានកូវីដ១៩ ដែលជាពលករមកពីប្រទេសថៃ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលខេត្តកំពត បានបញ្ជាក់ថា អ្នកជំងឺទី១៖ឈ្មោះ អ៊ាន់ ស្រីល័ក្ខ អាយុ៣២ឆ្នាំ រស់នៅភូមិល្បើក ឃុំត្រពាំងបី ស្រុកឈូក, ទី២៖ឈ្មោះ ជន ផាន អាយុ៤០ឆ្នាំ រស់នៅភូមិចំការមន ឃុំតាកែន ស្រុកឈូក និងទី៣៖ឈ្មោះ ឆោម លៀវ អាយុ៣៣ឆ្នាំ រស់នៅភូមិចំការមន ឃុំតាកែន ស្រុកឈូក។ បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ទាំង៣នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពត សូមអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយបុគ្គលខាងលើ សូមធ្វើការទាក់ទងយកសំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្តកំពត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕