(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានជូនដំណឹងឲ្យវេជ្ជបណ្ឌិតឯកទេស និង បណ្ឌិតក្នុងវិស័យសុខាភិបាល ដែលទទួលបានការបណ្តុះ បណ្តាលជំនាញរយៈពេលយូរ ហើយមានបំណងចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសុខាភិបាល ទៅដាក់ពាក្យសុំចូលបម្រើការងារ។
ក្នុងសេចក្តីជូនដំណឹង ដែល Fresh News ទទួលបាននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ពាក្យ សុំចូលបម្រើការងារត្រូវយកទៅដាក់នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃក្រសួងសុខាភិបាលរៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់ជាមួយ នូវប្រវត្តិរូបសង្ខេប និង សញ្ញាបត្រថតចម្លងត្រឹមត្រូវ ចាប់ពីថ្ងៃផ្សាយដំណឹង (១០ មីនា) រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ជាកំ ណត់។
សូមបញ្ជាក់ថា ការអំពាវនាវរបស់ក្រសួងសុខាភិបាលឲ្យវេជ្ជបណ្ឌិតឯកទេស និងបណ្ឌិត ដែលបានសិក្សាក្នុងវិស័យសុខាភិបាល ទៅ ដាក់ពាក្យចូលបម្រើការងារក្នុងក្របខណ្ឌមន្រ្តីរាជការនេះ បានធ្វើឡើងបន្ទាប់ពីមានការបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១០ ខែមីនា ម្សិលមិញនេះ។
ការបញ្ជារបស់សម្តេចបានធ្វើឡើង បន្ទាប់ពីសម្តេចបានមើលឃើញថា គ្រូពេទ្យឯកទេសជាច្រើននាក់ បន្ទាប់ពីបញ្ចប់ការសិក្សាអស់ ជាច្រើនឆ្នាំ បែរជាមិនអាចចូលបម្រើការងារនៅក្នុងខណ្ឌ គ្រាដែលកម្ពុជា ត្រូវការគ្រូពេទ្យឯកទេសជាច្រើន ដើម្បីជួយបម្រើការងារក្នុង វិស័យសុខាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យទទួលស្គាល់គ្រូពេទ្យឯកទេសទាំងអស់ក្នុងក្របខណ្ឌមន្រ្តីរាជការ ចាប់ពីខែមេសានេះតទៅ ព្រមទាំងឲ្យបញ្ចូលគ្រូពេទ្យឯកទេសទៅក្នុងខណ្ឌមន្រ្តីនយោបាយ នៅពេលដល់អាយុចូលនិវត្តន៍ (៦០ឆ្នាំ) ដើម្បីយកទៅបម្រើការងារ ក្នុងមន្ទីរពេទ្យ៕