(បន្ទាយមានជ័យ)៖ លោក ហេង យូឡេង និងអ្នកស្រី លី សុខគាង និងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកអង្ករចំនួន ២តោន, ទឹកសុទ្ធ២០០យួរ, ទឹកសុីអ៊ុវ និងទឹកត្រី ៦០០ដប, មី១,០០០បញ្ចប់ ប្រគលជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋវិជ្ជមានជំងឺកូវីដ១៩ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅក្នុងមូលដ្ឋានខេត្ត។
ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងក្រោមវត្តមានលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងសប្បុរសជន និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។
លោក ហេង យូឡេង និងអ្នកស្រី លី សុខគាង បានថ្លែងថា នាដំណាក់កាលប្រទេសកម្ពុជាកំពុងតែជួបវិបត្តិរាតត្បាតជំងឺកូវីដ១៩នេះ ដូច្នេះក្នុងនាមជាប្រជាពលរដ្ឋមួយរូបនោះលោក និងក្រុមគ្រួសារ បានសម្រេចនូវធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមកាន់បន្ថយការលំបាកជាមួយរាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរខេត្ត ដើម្បីនាំយកអំណោយទាំងនេះ ទៅចែកជូនដល់អ្នកជំងឺ ព្រមទាំងអ្នកមានជីវភាពខ្វះខាតជាដើម។ល។
ក្នុងឱកាសទទួលបានអំណោយនាពេលនេះ លោក អ៊ុំ រាត្រី បានថ្លែងថា សព្វថ្ងៃនេះរដ្ឋបាលខេត្តកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ពិសេកំពុងចុះយកអំណោយទៅចែកជូនអ្នកវិជ្ជមាន កូវីដ១៩ នៅតំបន់បិទខ្ទប់នេះក្នុង ១ថ្ងៃៗ រាប់រយគ្រួសារឯណោះ។
ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋ សូមថ្លែងអំណរគុណ និងគោរពជូនពរ ចំពោះសប្បុរសជនខ្មែរនៅក្រុងប៉ោយប៉ែត លោក ហេង យូឡេង និងអ្នកស្រី លី សុខគាង និងក្រុមគ្រួសារដែលបានបរិច្ចាគអំណោយស្បៀងអាហារ ដល់ប្រជាពលរដ្ឋក្រីក្រក្នុងកំឡុងបិទខ្ទប់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩នេះ៕