(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធ៌មរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជនពិការ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ២៧គ្រួសារ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។

ក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ បាននាំនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋ និងជនពិការ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែនៅរួមសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់គ្រាលំបាក និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងស្លាប់ដោយលោកមិនបានដឹង និងមិនបានដោះស្រាយជូនឡើយ។

លោកស្រីសូមអំពាវនាវប្រជាពលរដ្ឋឱ្យបន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩ ស្របតាមប្រធានបទ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ១៩ និងកសាងភាពធន់របស់សង្គមជាតិ» ដោយផ្លាស់ប្តូរឥរិយាបទក្នុងការរស់នៅជាធម្មតាតាមកន្លងថ្មី រក្សាអនាម័យលាងដៃ ពាក់ម៉ាសក្នុងករណីចាំបាច់ និងការរក្សាគម្លាតពីគ្នា ពិសេសអនុវត្តនូវវិធានការ «៣កុំ និង៣ការពារ» របស់ប្រមុខរាជរដ្ឋាភិបាលជាប្រចាំផងដែរ។

សូមបញ្ជាក់ថា ស្បៀងអាហារដែលផ្តល់ជូនតាមខ្នងផ្ទះដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ៥០គីឡូ, ត្រីខ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, មី១កេស, ពងទា ១ថាស, ទឹកសុទ្ធ១កេស, សាប៊ូ៤ដុំ និងថវិការ១០ម៉ឺនរៀល ផងដែរ៕