(បន្ទាយមានជ័យ)៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជូនបុរសមេខ្យល់ម្នាក់ទៅកាន់សាលាដំបូងខេត្ត ក្រោយបង្ក្រាបបានក្នុងករណីនាំពលករចំនួន៨នាក់ លួចឆ្លងដែនទៅធ្វើការប្រទេសថៃ ដោយខុសច្បាប់។ ដោយឡែកពលករទាំង៨នាក់ ត្រូវបានបញ្ជូនមកធ្វើចត្តាឡីស័ក នៅវិទ្យាល័យស្រុកម៉ាឡៃ រយៈពេល១៤ថ្ងៃ។
ករណីបង្ក្រាបបទល្មើសលួចឆ្លងដែននេះ បានធ្វើឡើងនាវេលាម៉ោង២០ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានសហការជាមួយ កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក រិទ្ធ រ៉ម មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួលទិសទី១ បានចុះល្បាតតាមបន្ទាត់ព្រំដែនដើម្បីទប់ស្កាត់ការលួចចេញ-ចូល ទៅប្រទេសថៃដោយខុសច្បាប់ ពេលល្បាតដល់ចំណុចភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ក៏ប្រទះឃើញពលករចំនួន០៨នាក់ ក្នុងនោះស្រ្តីចំនួន០៥នាក់ បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ហើយកម្លាំងចម្រុះក៏ បានឃាត់ខ្លួន យកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃតែម្ដង។
បើតាមលោកវរសេនីយ៍ត្រី តាំង សុខហេង បានឱ្យដឹងថា ក្រោយពីសួរនាំពលករទាំង០៨នាក់រួច ទើបកម្លាំងចម្រុះធ្វើប្រតិបត្តិការឃាត់ខ្លួនមេខ្យល់ម្នាក់ឈ្មោះ វណ្ណៈ វណ្ណន ភេទប្រុស អាយុ២៩ឆ្នាំ និងដកហូតរថយន្ត០១គ្រឿង ម៉ាកកាមេរីឆ្លាម ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2A-5019 នៅចំណុចភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីសាកសួរចម្លើយ។
លោកវរសេនីយ៍ត្រី តាំង សុខហេង បានឱ្យដឹងទៀតថា ចំពោះមេខ្យល់ខាងលើក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួចមកបានឆ្លើយសារភាពថា រូបគេជាអ្នករត់តាក់ស៊ី ហើយបានដឹកពលករចំនួន០៦នាក់ ពីខេត្តបាត់ដំបង មកស្រុកម៉ាឡៃ ពិតប្រាកដមែន តាមរយៈអ្នករត់តាក់ស៊ីម្នាក់ទៀតឱ្យខ្លួនដឹកដោយយកលុយពីពួកគាត់ក្នុងម្នាក់ ៥០,០០០រៀលផងដែរ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ លុះស្អែកឡើងថ្ងៃទី១៥ ស្រាប់តែសមត្ថកិច្ចចម្រុះមកឃាត់ខ្លួនគេតែម្ដង៕