(កណ្តាល)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកមុខកំពូល បានឧបត្ថម្ភនូវអង្ករចំនួន២០តោន, មីចំនួន ២០០០កេស, ត្រីខ ២០០០យួរ និងទឹកត្រី ២០០០យួរ ជូនដល់រដ្ឋបាលស្រុកមុខកំពូល សម្រាប់ចែកជូនដល់គ្រួសារ ប្រជាពលរដ្ឋ ដែលជីវភាពខ្វះខាត និងជាប់ធ្វើចត្តាឡីស័ក ប្រមាណជាង១០០០គ្រួសារ នៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ។
អំណោយឧបត្ថម្ភជាគ្រឿង ឧបភោគបរិភោគខាងលើនេះ ត្រូវបានរដ្ឋបាលស្រុកមុខកំពូល ធ្វើការចែកជូនដល់លំនៅដ្ឋាន របស់បងប្អូនកម្មករ និងប្រជាពលរដ្ឋ ដែលជីវភាពខ្វះខាត និងជាប់ធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះនីមួយៗតែម្តង នៅតាមបណ្តាឃុំទាំង០៧ នៃ ស្រុកមុខកំពូល ដោយក្នុង១គ្រួសារទទួលបាននូវ៖ អង្ករ១៥គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ និងត្រីខ ១យួរ ដើម្បីជួយសម្រាល ដល់ការលំបាករបស់បងប្អូន ដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋ ពិសេសកម្មករ កម្មការិនី ដែលជាប់ធ្វើចត្តាឡីស័ក តាមវិធានការសុខាភិបាលនៅក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងប្រយុទ្ធនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ពិសេសដើម្បីឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ។
ក្នុងនាមប្រជាពលរដ្ឋ រដ្ឋបាលស្រុកមុខកំពូល សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក វង្សី វិស្សុត បានផ្តល់នូវ ជំនួយឧបត្ថម្ភជាគ្រឿង ឧបភោគបរិភោគខាងលើ ហើយកាយវិការនេះ គឺការឆ្លុះបញ្ចាំងនូវការគិតគូរ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតែងតែខ្វាយខ្វល់ គិតគូណាស់ចំពោះសុខទុក្ខជីវភាព និងការស់នៅរបស់ប្រជាពលរដ្ឋ ដោយលោកមិនបណ្តែតបណ្តោយទុក្ខឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់បាយនោះឡើយ ។
ជាមួយគ្នានេះ រដ្ឋបាលស្រុកមុខកំពូល ក៏សូមអំពាវនាវសូមឱ្យប្រជាពលរដ្ឋទាំងអស់គ្នា មេត្តាចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងត្រូវអនុវត្តការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត និងការពារខ្លួនយើង, គ្រួសារយើង និងសង្គមជាតិយើង មិនឱ្យឆ្លងនូវជំងឺរាតត្បាតកូវីដ១៩ ដ៏កាចសាហាវនេះ៕