ព្រឹកថ្ងៃនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបន្តដំណើរចុះសួរសុខទុក្ខ ប្រជាពលរដ្ឋជាង៣ពាន់គ្រួសារ ខេត្តឧត្ដរមានជ័យ
11-03-2016 08:56
(ភ្នំពេញ)៖ នៅម៉ោងប្រមាណ៨៖៤០នាទី ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នេះ គឺជាថ្ងៃទីពីរ ដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តដំណើរអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋដូចជាចាស់ៗ គ្មានទីពឹង កុមារកំព្រា ជនពិការ និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ៣៤១១ គ្រួសារ ដែលមកពីក្រុងសំរោង ស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។
កន្លែងជួបសំណេះសំណាល និងចែកអំណោយ ស្ថិតនៅទីតាំងនៅតារាងបាល់ទាត់ ខេត្ដឧត្ដរមានជ័យ ស្ថិតនៅភូមិ បុរីរដ្ឋបាលសង្កាត់សំរោង ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។
ក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងនាំយកនូវអំណោយមនុស្សធម៌ មានដូចជា ថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជាច្រើនទៅជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ ។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០១៦ម្សិលមិញនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រតិភូអមដំណើរ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅប្រគល់ជូនប្រជាពលរដ្ឋ ចំនួន ២២៥៥ គ្រួសារ នៅក្នុងស្រុកអង្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ហើយថ្ងៃនេះជាថ្ងៃទីពីរ នៃដំណើរអញ្ជើញចុះសួរសុខទុក្ខនេះ៕