(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសថា ខ្លួននឹងទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ Pfizer-BioNTech ចំនួន ៣១លានដូសនៅក្នុងឆ្នាំ២០២១នេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន VN Express នៅល្ងាចថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១។
តាមរយៈសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា នឹងមានវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ Pfizer-BioNTech ចំនួន ៣១លានដូស។ ចំណែកឯវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ចំនួន ៣៨.៩លានដូស នឹងត្រូវផ្តល់ជូនប្រទេសវៀតណាម តាមរយៈកម្មវិធី Covax របស់អង្គការសុខភាពពិភពលោក (WHO)។
គួរបញ្ជាក់ថា វ៉ាក់សាំងប្រហែល ១.៧លានដូសក្រោមកម្មវិធី COVAX គ្រោងនឹងមកដល់ប្រទេសវៀតណាមនៅថ្ងៃអាទិត្យស្អែកនេះ។ គិតត្រឹមថ្ងៃសៅរ៍នេះ ប្រជាជនវៀតណាមសរុបជិត ១លាននាក់ហើយ (១%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដោយក្នុងនោះ ៩០ម៉ឺននាក់បានទទួលការចាក់ដូសដំបូង និង ៤ម៉ឺននាក់បានទទួលការចាក់គ្រប់ដូស៕