(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងរយៈពេលប្រមាណជា៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំដែលបានរៀបចំបំពេញបែបបទ នាំចេញប្រភេទឈើរងការគំរាមកំហែង ជូនដល់ក្រុមហ៊ុនណាមួយ សម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេស ឬហុងកុងនោះទេ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ។
ការចេញមកអះអាងបែបនេះ របស់ក្រសួងកសិកម្មធ្វើឡើងបន្ទាប់ពី ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញសារព័ត៌មានក្នុងស្រុក និងអន្តរជាតិមួយចំនួន បានចុះផ្សព្វផ្សាយព័ត៌មានថា គយ ហុងកុង បានរឹបអូសឈើ ដែលគេសង្ស័យថា មានចំនួន៧កុងតឺន័រ ទម្ងន់ប្រមាណ ២១១តោន ជាប្រភេទឈើរងការគំរាមកំហែង ដែលមានតម្លៃទីផ្សារប្រមាណ ១,១លានដុល្លារហុងកុង (១៤០ ០០០ដុល្លារសហរដ្ឋអាមេរិក) នៅកន្លែងត្រួតពិនិត្យ ទំនិញគយក្នុងកំពង់ផែ Kwai Chung និងកំពង់ផែ Tsing Yi ចន្លោះថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដែលជាឈើគ្មានលិខិតអនុញ្ញាត ឲ្យធ្វើការនាំចេញពីកម្ពុជាឡើយ (ឈើរត់ពន្ធ)។
ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានខាងលើនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនជ្រាបថា «ក្នុងរយៈពេលប្រមាណ ជា៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំដែលបានរៀបចំបំពេញបែបបទ នាំចេញប្រភេទឈើរងការគំរាមកំហែង ជូនដល់ក្រុមហ៊ុនណាមួយ សម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេស ឬហុងកុងនោះទេ។ ដូចនេះ ក្នុងករណីព័ត៌មានដែលគយ ហុងកុង បានចាប់ឃាត់ឈើនាំចេញពីកម្ពុជា ជាការពិតមែននោះ គឺជាករណីនាំចេញឈើខុសច្បាប់ (រត់ពន្ធឈើខុសច្បាប់)»។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាននិងកំពុងយកចិត្តទុកដាក់ធ្វើការអង្កេតស្រាវជ្រាវលើករណីនេះ ដោយសហការជាមួយក្រសួង និងស្ថាប័ន
ពាក់ព័ន្ធ ដើម្បីស្វែងរកការពិត ព្រមទាំងរកអ្នកប្រព្រឹត្តបទល្មើស និងអ្នកពាក់ព័ន្ធមកទទួលទោសតាមច្បាប់ជាធរមាន៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម៖