(កំពង់ឆ្នាំង)៖ ថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១នេះ សាសនិកឥស្លាមក្រុមកនអ៊ីម៉ាំសាន់កម្ពុជា ឬហៅថា ចាម្ប៉ានី រៀបចំពិធីបុណ្យស្រាយបួសរ៉ាម៉ាឌននៅតាមបណ្ដាមូលដ្ឋានរបស់ខ្លួនដែលមានសមាជិកជាង ២ម៉ឺននាក់។ នេះបើតាមលោកឧកញ៉ាឃ្នួរ ម៉ាត់សា ប្រកាសប្រាប់សហគមន៍របស់លោក។

បើតាមលោក ឡឹប កើ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រចាម្ប៉ា បានរៀបរាប់ប្រាប់បណ្ដាញព័ត៍មាន Fresh News នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ជុំវិញពិធីបុណ្យស្រាយបួសរបស់ក្រុមកនអ៊ីម៉ាំសាន់ដូចតទៅ៖

* Fresh News ៖ តើការរៀបចំពិធីបុណ្យស្រាយបួសរ៉ម៉ាឌនរបស់ចាម្ប៉ានីក្រុមកនអ៊ីម៉ាំសាន់ មានលក្ខណ:យ៉ាងណាខ្លះក្នុងបរិបទកូវីដ១៩នេះ?

*លោក ឡឹប កើ ៖ ឆ្នាំនេះវាប្លែកជាងរាល់ដង ព្រោះគ្រប់គ្នាមិនអាចប្រមូលផ្ដុំហូបអាហារស្រាយបួសនៅវិហារជុំគ្នាបានឡើយ គឺត្រូវស្រាយបួសនៅតាមផ្ទះរាងៗខ្លួន ដោយសារវិបត្តិកូវីដ១៩។ ដើម្បីចូលរួមបង្ការ ការរីករាលដាលជំងឺកូវីដ១៩ លោកឧកញ៉ាឃ្នួរ ម៉ាត់សា ក៏បានបង្គាប់ដល់សាសនិករបស់ខ្លួនថា «រ៉ម៉ាឌនឆ្នាំនេះ ចាម្ប៉ានីកម្ពុជាទាំងអស់មិនទៅថ្វាយបង្គុំនៅវិហារដូចរាល់ដងឡើយ»។

*Fresh News ៖ តើរបៀបរបបនៃពិធីបុណ្យស្រាយបួសរ៉ម៉ាឌនរបស់ចាម្ប៉ានីក្រុមកនអ៊ីម៉ាំសាន់ មានទម្រង់យ៉ាងខ្លះ?

* លោក ឡឹប កើ ៖ ចាម្ប៉ានីក៏ប្រតិបត្តិតាមសាសនាឥស្លាម និកាយស៊ូនីដូចមូស្លីមកម្ពុជាភាគច្រើនដែរ។ បុណ្យស្រាយបួសរ៉ម៉ាឌននេះ ជាបុណ្យដ៏ធំមួយហើយសំខាន់បំផុតសម្រាប់សហគមន៍នេះ។ នៅព្រឹកថ្ងៃស្រាយបួស គ្រប់ៗគ្នាត្រូវក្រោកពីព្រឹកដើម្បីងូតទឹកស្រាយបួស។ ការងូតទឹកស្រាយនិងចូលបួសអាចរាប់បានថា សំខាន់ដែរសម្រាប់មូស្លីមចាម្បានី។ គេមានរបៀបជាក់លាក់មួយ ពេលងូតទឹកចូលបួស ឬស្រាយបួស គឺត្រូវងូតទឹកបែមុខទៅទិសខាងលិចដូចការថ្វាយបង្គុំក្នុងវិហារដែរ។ ក្រោយពីងូតទឹកស្រាយបួសហើយ គេស្លៀកពាក់សំលៀកបំពាក់ថ្មីៗ បែបប្រពៃណីចាម្ប៍ យ៉ាងស្រស់ស្អាតនិងប្រើគ្រឿងក្រអូបគ្រប់ៗគ្នា។

ព្រឹកស្រាយបួសនោះ សព្វដងប្រុសៗត្រូវស្រូតទៅវិហារ រីឯស្ត្រីៗ និងក្មេងជួយគ្នាធ្វើម្ហូបស្រាយបួស។ គ្រប់គ្នារវល់ពេញទាំងភូមិតែម្ដង គឺធ្វើយ៉ាងណាឱ្យឆ្អិនទាន់ពេលវេលាស្រាយបួស។ ម្ហូបអាហារប្រពៃណីចាម្ប៍ដ៏សំបូរបែបត្រូវចំអិន យ៉ាងយកចិត្តទុកដាក់ មានទាំងការី ឆា ស្ងោរ និងអាំង រួមទាំងមានបង្អែមផ្លែឈើនិងភេសជ្ជៈទៀតផង។ ម្ហូបដែលពេញនិយមបំផុតក្នុងថ្ងៃស្រាយបួសនោះគឺមាន់អាំង ឆាមីសួពងទា និងការី។ កំឡុងពេលដែលកំពុងចំអិនអាហារ ក្មេងៗឬប្រុសៗដែលទៅវិហារមុននោះនាំគ្នាចាប់កន្លែងនៅបរិវេណវិហារសម្រាប់ក្រាលកន្ទេលជុំគ្រួសារក្រោយថ្វាយបង្គុំ។ ភាគច្រើន ពួកគេជ្រើសរើសកន្លែងដែលជិតញាតិឬមិត្តភក្ដិរបស់ពួកគេរាងៗខ្លួន។ ក្រោយចំអិនអាហាររួចរាល់ គេរៀបចំដាក់ថាស់ រួចទូលទៅវិហារសម្រាប់ស្រាយបួស។ប៉ុន្តែដោយសារគោរពតាមវិធានការកូវីដ អ្វីៗដែលរៀបរាប់ខាងលើត្រូវផ្អាកសិន ហើយបង្វែរទៅជានាំគ្នាទៅប្រក់ផ្នូរដូនតាគេតាមប្រពៃណីដូចសព្វដងវិញ។

* Fresh News ៖ តើរបៀបនៃការតមបួសអាហាររបស់ចាម្ប៉ានីក្រុមកនអ៊ីម៉ាំសាន់មានរៀបដូចម្ដេចដែរ?

* លោក ឡឹប កើ ៖ សំរាប់របៀបរបបនោះខ្ញុំសូមលើកឡើងពីអ្វីដែលធ្លាប់ធ្វើ ដោយមិនបានធ្វើជាក់ស្ដែងឡើយសំរាប់ឆ្នាំនេះព្រោះគោរពតាមវិធានការណ៍កូវីដ។ ប៉ុន្តែខ្ញុំសូមរៀបរាប់ឲ្យដឹងត្រួសៗ ពីរបៀបនៃក្រុមអ៊ីម៉ាំសាន់ត្រូវគោរព ប្រណិបត្តិនោះគឺ សាសនិកទាំងអស់ ទាំងចាស់ទាំងក្មេង នាំគ្នាទៅវិហារនៅពេលយប់ដើម្បីថ្វាយបង្គុំ ៣០យប់ ។ ចំពោះស្ត្រីៗវិញ នាំគ្នារៀបចំនំនែកទូលទៅវិហារពេលយប់សម្រាប់ហូបរួមគ្នាក្រោយពេលថ្វាយបង្គុំ។ សូមបញ្ជាក់ផងដែរថា ក្នុងខែបួសនេះ គ្រប់វិហារនៅពេលយប់សំបូរចំណីហូបណាស់។ ដោយឡែកក្មេងៗដែលមកពីគ្រួសារមិនសូវមានជីវភាពល្អវិញ ពួកគេមានឱកាសបានហូបរបស់ឆ្ងាញ់ៗដែលគេទូលទៅវិហាររៀងរាល់យប់។

សម្រាប់ពេលថ្ងៃវិញ គ្រប់គ្នាបួសតមអាហារ តែសម្រាប់អ្នកដែលមិនអាចតមអាហារ ក៏ត្រូវសង្រួមចិត្តគំនិតឱ្យជ្រះថ្លានិងស្ងប់បំផុតតាមដែលធ្វើទៅបាន។ សម្រាប់ចាម្ប៉ានី ការសង្រួមចិត្តជាកត្តាសំខាន់ណាស់ ហើយបើកាលណាមិនអាចសង្រួមចិត្តបាន នោះគេរាប់ថាបួសតមអាហារនឹងក្លាយជាអសាបង់ឬដាច់បួស។ ពេលណាដាច់បួស ត្រូវតែបួសសងវិញ។

* Fresh News ៖ តើចាម្ប៉ានីក្រុមអ៊ីម៉ាំសាន់ មានសមាជិកប៉ុន្មាននាក់ ហើយភាគច្រើនរស់នៅទីតាំងណា ?

*លោក ឡឹប កើ ៖ សហគមន៍ក្រុមកនអ៊ីម៉ាំសាន់កម្ពុជា ឬចាម្ប៉ានី មាននៅក្នុងខេត្តចំនួន៣នៃកម្ពុជា គឺខេត្តកំពង់ឆ្នាំង, ពោធិសាត់ និងបាត់ដំបង។ ពួកគេមានមេដឹកនាំផ្ទាល់ គឺឧកញ៉ាឃ្នួរ។ សមាជិកចាម្ប៉ានីនៅកម្ពុជាសរុបទាំងមានប្រហែលជិត២ម៉ឺននាក់។

* Fresh News ៖ ជាធម្មតាពិធីបុណ្យត្រូវធ្វើចំថ្ងៃនៃចំនួនបង្រ្គប់៣០ថ្ងៃ តើមានកត្តាអ្វីទើបចាម្ប៉ានីក្រុមកនអ៊ីម៉ាំសាន់លើកមួយថ្ងៃទៅវិញ?

* លោក ឡឹប កើ ៖ ខ្ញុំសូមជម្រាបបញ្ជាក់ថា ថ្ងៃស្រាយបួសតាមធម្មតាខុសគ្នាជាមួយមូស្លីមដទៃទៀតតែមួយថ្ងៃទេ តែឆ្នាំនេះ វាប៉ះចំថ្ងៃសុក្រ ដូច្នេះហើយសហគមន៍សម្រេចចិត្តលើកមួយថ្ងៃថែម។ ថ្ងៃសុក្រជាថ្ងៃសំខាន់បំផុតសម្រាប់ចាម្ប៉ានី គេមិនធ្វើអ្វីក្រៅពីថ្វាយបង្គុំជំអាត់ (ថ្វាយបង្គុំថ្ងៃសុក្រ) ឡើយ។

* Fresh News ៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន មានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត។ ក្នុងនាមជាសាសនិកឥស្លាមមួយរូប តើលោកសាស្ត្រាចារ្យមានសេចក្ដីសោមនស្សរីករាយយ៉ាងណាដែរ ដែលយើងមានមេដឹកនាំប្រកបដោយទស្សពិតរាជធម៍បែបនេះ?

* លោកឡឹប កើ ៖ ខ្ញុំបាទសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្រ្តី ដែលបាននាំមកនូវសុខសន្តិភាពជូនប្រជាជន និងតែងយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋកម្ពុជានៅគ្រប់កាលៈទេសៈ មានគោលនយោបាលសុខដុមនីយកម្មល្អបំផុត ហើយផ្តល់នូវសិទ្ធិសេរីភាពពេញលេញដល់ប្រជាជនរបស់ខ្លួន ពិសេសក្នុងការប្រតិបត្តិតាមជំនឿសាសនាដែលខ្លួនពេញចិត្ត។

លោកក៏សូមថ្លែងអំណរគុណផងដែរដល់ថ្នាក់ដឹកនាំឥស្លាម ដែលបានខិតខំបំពេញការងារផ្សេងៗដើម្បីបំរើដល់ផលប្រយោជន៍រួមរបស់សហគមឥស្លាមរបស់យើង។ ហើយក៍មិនភ្លេចថ្លែងអំណរគុណផងដែរ ទៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ដែលបានយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងព្យាបាលអ្នកជំងឺកូវីដ-១៩ យ៉ាងយកចិត្តទុកដាក់បំផុតដែលមានអត្រាអ្នកជាសះស្បើយច្រើនឡើងៗ។ សូមបងប្អូនឥស្លាមអនុវត្តតាមវិធានការ «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាលដើម្បីរួមគ្នាកម្ចាត់ជំងឺនេះចេញឲ្យអស់ពីប្រទេសរបស់យើង និងសូមចូលរួមការពារខ្លួនពីជម្ងឺកូវីដ១៩នេះ ទាំងអស់គ្នា៕