(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបបានជនជាតិចិន៣នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើម ដែលបានធ្វើសកម្មភាពភ្ជង់ និងបាញ់ជនជាតិចិនដូចគ្នា (តែមិនរបួស) នៅចំណុចក្រុមទី៧ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះថា នៅពេលបើកប្រតិបត្តិការបង្ក្រាបជនជាតិនោះ មិនបានប្រគល់ខ្លួនឲ្យសមត្ថកិច្ចនោះទេ ថែមទាំងបាញ់មកលើសមត្ថកិច្ចជាច្រើនគ្រាប់ផងដែរ ប៉ុន្ដែមិនបណ្ដាលឲ្យអ្នកណារងរបួសដោយសារការផ្ទុះអាវុធនេះឡើយ។
លោកឧត្តមសេនីយ៍ស្នងការ បានរៀបរាប់ថា នៅវេលាម៉ោង០៥៖៥០នាទីល្ងាច ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ មានប្រជាពលរដ្ឋបានរាយការណ៍ ប្រាប់កម្លាំងសមត្ថកិច្ចថា នៅផ្លូវចំណោសេតេ ស្ថិតនៅក្រុមទី៧ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ មានករណីជនជាតិចិនប្រើកាំភ្លើង ភ្ជង់ជនជាតិចិនគ្នា និងមានផ្ទុះអាវុធ០១គ្រាប់ផងដែរ ដោយខ្មាន់កាំភ្លើងពាក់អាវយឺតពណ៌ខ្មៅដៃខ្លី និងស្លៀកខោខូវប៊យជើងខ្លី។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍ពិសេស កម្លាំងប៉ុស្តិ៍សង្កាត់៣ ចុះទៅដល់កន្លែងកើតហេតុ តែជនសង្ស័យបានគេចខ្លួនបាត់អស់ កម្លាំងសមត្ថកិច្ចបានបន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងល្បាតស្វែងរកជនសង្ស័យ តាមភិនភាគដែលប្រជាពលរដ្ឋបានរាយការ លុះដល់ចំណុចចំណោទតាខ្វាន់ ត្រង់ផ្លូវលំតូចមួយ ស្ថិតនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះជនសង្ស័យដែលជាខ្មាន់កាំភ្លើង។
ភ្លាមនោះកម្លាំងសមត្ថកិច្ចបានស្រែកឲ្យជនសង្ស័យឈប់ ស្រាប់តែជនសង្ស័យបានដកកាំភ្លើងចេញពីចង្កេះ បាញ់មកលើកម្លាំងសមត្ថកិច្ចចំនួន០២គ្រាប់ តែសំណាងល្អមិនត្រូវកម្លាំងសមត្ថកិច្ចឡើយ បន្ទាប់មកជនសង្ស័យបានរត់ចូលផ្ទះទុកចោលមួយកន្លែង និងបន្តរត់ឆ្លងពីផ្ទះមួយទៅផ្ទះមួយដើម្បីគេចខ្លួន កម្លាំងសមត្ថកិច្ចបានសហការគ្នាតាមចាប់ជនសង្ស័យ រហូតដល់វេលាម៉ោង០៦៖៤០នាទី ទើបចាប់បានជនសង្ស័យដែលកំពុងសង្ងំលាក់ខ្លួនក្បែរផ្ទះប្រជាពលរដ្ឋ។
បន្ទាប់មកនៅវេលាម៉ោង៧យប់ ខាងកាស៊ីណូជិនប៉ី៣ ស្ថិតនៅក្រុមទី១៣ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ បានទូរស័ព្ទរាយការប្រាប់កម្លាំងសមត្ថកិច្ចជំនាញថា ជនរងគ្រោះដែលត្រូវជនសង្ស័យភ្ជង់ប្លន់ នៅផ្លូវចំណោទសេតេ គឺជាបុគ្គលិករបស់កាស៊ីណូជិនប៉ី៣ ហើយខាងក្រុមហ៊ុនកាស៊ីណូជិនប៉ី៣ បានឃាត់ខ្លួនបានបក្ខពួកជនសង្ស័យ០២នាក់ ប្រគល់ឲ្យកម្លាំងសមត្ថកិច្ចផងដែរ។
បន្ទាប់ពីទទួលបានជនសង្ស័យទាំង០២នាក់នោះមក កម្លាំងសមត្ថកិច្ចបានពិនិត្យឃើញ ថា ជនសង្ស័យទាំង០២នាក់ ត្រូវគេធ្វើទារុណកម្ម ដោយមានស្នាមជាំ និងបែកឈាមជាច្រើនកន្លែងនៅលើដងខ្លួន ដៃ និងជើង។ ជនសង្ស័យទាំង០៣នាក់ ទី១៖ឈ្មោះ ZHANG DONG អាយុ៣៣ឆ្នាំ (ខ្មាន់កាំភ្លើង), ទី២៖ឈ្មោះ YUE XIAO BING អាយុ៣៣ឆ្នាំ និងទី៣៖ឈ្មោះ YANG TIANYIN អាយុ២៦ឆ្នាំ។
វត្ថុតាងចាប់យកបាន រួមមាន កាំភ្លើងខ្លី ០១ដើម ម៉ាកK59 មានលេខសម្គាល់ 7777, បង់កាំភ្លើង ០១មានគ្រាប់ ០៤គ្រាប់ និងសំបកកាទុស ០៥គ្រាប់។ ចំពោះជនសង្ស័យទាំង០៣នាក់ខាងលើ កំពុងធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕