(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន១៦៥គ្រួសារ ក្នុងស្រុកមេមត់ ដែលធ្វើឡើងនៅ០២ទីតាំង នៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែនមេមត់ ទីរួមស្រុកមេមត់ និងនៅឃុំកំពាន់។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនចំពោះប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ទាំងអស់ ដោយក្តីនឹករលឹក អាណិតអាសូរ និងតែងតែព្រួយបារម្ភ គិតគូរពីសុខទុកប្រជាពលរដ្ឋគ្រប់ពេលវេលា។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំឱ្យអាជ្ញាធរត្រូវក្តាប់ឱ្យជាប់នូវរាល់ជនរងគ្រោះ ជនងាយរងគ្រោះ និងពលរដ្ឋក្រីក្រដោយសារកូវីដ១៩ ដើម្បីផ្តល់ជូននូវស្បៀងអាហារ និងថវិកា ក្នុងការដោះស្រាយជីវភាពជាក់ស្តែង ដោយមិនទុកឱ្យនរណាម្នាក់ ស្លាប់ដោយសារអត់អាហារនោះឡើយ។
បន្ថែមពីនេះអាជ្ញាធរស្រុកឃុំភូមិ ត្រូវបន្តផ្សព្វផ្សាយសារអប់រំ ឱ្យបានជាប់ជាប្រចាំដល់ប្រជាពលរដ្ឋ នូវវិធានការ «៣កុំ និង៣ការពារ» ក៏ដូចជាកម្រិតផាកពិន័យ និងទោសទណ្ឌ ដើម្បីជាការក្រើនរំឮកដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តវិធានការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩។
បើតាមលោក វង វ៉ាន់នី នាយកសាខាកាកបាទក្រហមខេត្ត បានឱ្យដឹងថា ចំពោះអំណោយដែលផ្តល់ជូនទាំង ១៦៥គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ប្រេងឆា១ដប និងថវិកាចំនួម៥មុឺនរៀល៕