(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ បានដាក់ផែនការដល់ក្រុមការងារ ក៏ដូចជាអាជ្ញាធរនៅស្រុកទាំងពីរនេះ ត្រូវពង្រឹងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ការជួយគាំទ្រដល់ប្រជាកសិករលើការងារបង្កបង្កើនផលនារដូវវស្សាខាងមុខ ព្រមទាំងការងារត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ តាមការរៀបចំរបស់ គ.ជ.ប។
ការដាក់ផែនការការងារនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំជីវភាពបក្សជាមួយថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជា នៅក្នុងមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។
នាឱកាសនោះ លោក ថោង ខុន បានណែនាំឱ្យអភិបាលស្រុកទាំងពីរ ឃុំ ភូមិ ត្រូវបន្តឱ្យខ្លាំងទៀតលើការងារសហការគ្នារាយការណ៍ ចាត់វិធានការបញ្ជូនអ្នកសង្ស័យឱ្យធ្វើចត្តាឡីស័ក ក៏ដូចជាអ្នកដែលបានតេស្តឃើញវីរុសកូវីដ-១៩ ទៅព្យាបាលនៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។
លោកក៏បានសម្ដែងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងសប្បុរសជននានាដែលបានជួយឧបត្ថម្ភជំនួយថវិកា និងសម្ភារទ្រទ្រង់ដល់ការងារចត្តាឡីស័ក និងការព្យាបាលអ្នកជំងឺ ព្រមទាំងបានអំពាវនាវឱ្យបន្តស្មារតីជួយគ្នានេះបន្តទៅមុខទៀត។
ក្រៅពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខាងលើនេះ លោក ថោង ខុន ក៏បានក្រើនរំឭកឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវគិតគូរអំពីការដោះស្រាយបញ្ហាប្រឈមនានាផ្សេងទៀត ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ ពិសេសគឺជំងឺគ្រុនឈាម គ្រុនឈិជាដើម។
លោក ថោង ខុន បានបញ្ជាក់ហើយបញ្ជាក់ទៀត ឱ្យក្រុមការងារ អាជ្ញាធរនៃស្រុកទាំងពីរនេះ ត្រូវបន្តចូលរួមអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គឺវិធានការ «៣ការពារ» និង «៣កុំ» និងសូមប្រជាពលរដ្ឋ និងប្រធានភូមិ រាយការណ៍ទាន់ពេលវេលា ដល់សមត្ថកិច្ចសុខាភិបាល ប្រសិនបើមានការសង្ស័យ ចំពោះចំណូលស្រុកក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីចាត់វិធានការភ្លាមៗ។ លោកបានស្នើសុំកុំឱ្យប្រជាពលរដ្ឋក្នុងភូមិប្រកាន់ឥរិយាបថរើសអើងឱ្យសោះ ត្រូវចេះស្រឡាញ់គ្នា ជួយយកអាសារគ្នាឱ្យបានល្អ។
ចំពោះការងារកសិកម្ម លោក ថោង ខុន បានលើកឡើងអំពីគម្រោងធ្វើប្រឡាយជើងក្អែបនៅតាមវាលកសិកម្ម ដើម្បីជាប្រព័ន្ធស្រោចស្រពជូនប្រជាកសិករក្នុងរដូវបង្កបង្កើនផលនេះ និងសម្រាប់ប្រើប្រាស់ក្នុងពេលតទៅមុខទៀត។ សុំធ្វើយ៉ាងណាកសាងប្រឡាយជើងក្អែបឱ្យបានផង និងបង្កបង្កើនផលបានផង ព្រោះរដូវនេះជារដូវចាប់ផ្តើមសាបព្រោះស្រូវស្រែហើយ។
ចំពោះការងារត្រៀមរៀបចំការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០២២ ខាងមុខ លោកបានណែនាំឱ្យត្រៀមអនុវត្តតាមសេចក្ដីប្រកាស ឬលិខិតបទដ្ឋាន និងប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំក្រុមការងារគណបក្សប្រចាំចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ក៏បានឧបត្ថម្ភថវិកា និងសម្ភារអនាម័យមួយចំនួនទៀតជូនដល់រដ្ឋបាលស្រុកទាំងពីរផងដែរ៕