(សៀមរាប)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១០ ខែមីនានេះ ក្រោយពេលបញ្ចប់ការចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋជាង២ពាន់គ្រួសារ នៅខេត្តឧត្តរមានជ័យរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឈាងចូលទស្សនាតំបន់អង្គរ ដោយបានអញ្ជើញទៅថតរូប អនុស្សាវីយ៍ជាមួយដើមឈើ ដែលសម្តេចបានដាំតាំងពី២០ឆ្នាំមុន និងបានថតជាមួយមានអ្នកលក់ត្នោត នៅមុខប្រាសាទអង្គវត្តប្រកប ដោយក្តីសប្បាយរីករាយផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook សម្តេចបានសរសេរ និងបង្ហោះរូបភាពជាច្រើនសន្លឹក ស្តីពីសកម្មភាពដ៏សប្បាយរីករាយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសអញ្ជើញទស្សនាកម្សាន្តតំបន់អង្គរ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ភរិយាខ្ញុំថ្ងៃនេះ ឆ្លៀតពេលទៅសួរសុខទុក្ខ និងផ្តល់ជំនួយសំរាប់ប្រជាជន នៅខេត្តឧត្តរមានជ័យ គាត់បានទៅអង្គរវត្ត ថតរូបជាមួយដើមឈើ ដែលគាត់ដាំជិត ២០ឆ្នាំមុន។ ភរិយាខ្ញុំរែកទឹកត្នោត និងថតរូបជាមួយប្អូនលក់ទឹកត្នោត យ៉ាងសប្បាយនៅមុខអង្គរវត្ត។ ប្អូនលក់ទឹកត្នោតព្រឹកស្អែក យកទឹកត្នោតទៅជូនគាត់ទៀត ព្រោះខ្ញុំបានប្រាប់គាត់ឱ្យ ផ្តល់លុយឱ្យប្អូនបន្ថែម»។
សូមជម្រាបថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋនៅក្នុង ខេត្តឧត្ដរមានជ័យ ។
ក្នុងដំណើរនៃការអញ្ជើញចុះសួរសុខទុក្ខនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជារួមមាន៖ ថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជាច្រើនទៅជូនដល់បងប្អូនប្រជាពលរដ្ឋ មានដូចជា ចាស់ៗគ្មានទីពឹង កុមារកំព្រា ជនពិការ និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ២២៥៥ គ្រួសារ ដែលមកពីស្រុកអង្លង់វែង និងស្រុកត្រពាំងប្រាសាទ នៃខេត្ដឧត្ដរមានជ័យ និងបានផ្ដល់ស្រះទឹកចនួន១០ អណ្តូងទឹក២៥ ជូនដល់ប្រជាពលរដ្ឋសម្រាប់ ប្រើប្រាស់ជាប្រយោជន៍រួមផងដែរ៕