ខេត្តព្រៃវែង បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់បន្ថែមទៀត ដែលទើបត្រឡប់មកពីភ្នំពេញ
15-05-2021 11:55
(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣នាក់បន្ថែមទៀត ដែលទើបតែវិលត្រឡប់មកពីរាជធានីភ្នំពេញ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) តាមមូលដ្ឋានក្នុងស្រុកពាមរក៍ ស្រុកពាមជរ និងស្រុកកំចាយមារ ខេត្តព្រៃវែង។ នេះបើយោងតាម Page ផ្លូវការរបស់រដ្ឋបាលខេត្តព្រៃវែង នារសៀលថ្ងៃទី១៤ ខែឧសភា ម្សិលមិញ។
លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ និងជែល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារដោយមិនត្រូវខ្មាស់អៀន ឬស្មានៗគិតថាមិនមានអ្វីឆ្លងទេ ជាពិសេស ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស និងខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាសនៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាដូចជាទីផ្សារ ភោជនីយដ្ឋាន និងទីកន្លែងធ្វើការជាដើម និងសូមស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ»។
បើតាមលោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង និងជាសមាជិកអ្នកនាំពាក្យសាលាខេត្ត បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ថានៅក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» ខេត្តព្រៃវែង គិតត្រឹមថ្ងៃទី១៤ ខែឧសភា ម្សិលមិញ មានអ្នកជំងឺកូវីដ១៩ សរុបចំនួន១៦៦នាក់ ករណីជាសះស្បើយសរុប៩១នាក់ បញ្ជូនទៅព្យាបាលនៅភ្នំពេញ ៣នាក់ ស្លាប់៣នាក់ និងលាប់ឡើងវិញ ២នាក់ ព្រមទាំងកំពុងសម្រាកព្យាបាលចំនួន ៧៩នាក់៕