(ភ្នំពេញ)៖ មន្រ្តីសមត្ថកិច្ចជាន់ខ្ពស់ បានឱ្យដឹងថា ការហៅកញ្ញា ខុម ចាន់ដារ៉ាទី ហៅ«ស្រីមុំ» ដើម្បីចូលបំភ្លឺនៅ នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅម៉ោង៩៖០០ព្រឹកថ្ងៃទី១១ ខែមីនា ស្អែកនេះ គឺមានការពាក់ព័ន្ធជាមួយ បណ្តឹងរបស់កញ្ញា ធី សុវណ្ណថា អតីតសកម្មជនគណបក្សសង្រ្គោះជាតិ។
កាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ កញ្ញា ធី សុវណ្ណថា បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងចំពោះសារសំឡេងបរិហាកេរ្តិ៍នាង ចេញពីខ្សែអាត់សំឡេងមួយដែលគេចោទថាជាសម្លេងលោក កឹម សុខា និងស្រ្តីវ័យក្មេងម្នាក់ឈ្មោះ «ស្រីមុំ» ដែលបែកធ្លាយនៅលើបណ្តាញសង្គម Facebook និងសារព័ត៌មាន។ នៅក្នុងបណ្តឹងនោះ ធី សុវណ្ណថា បានអះអាងថា អ្នកទាំងពីរនោះបានមួលបង្កាច់ និងជាការបំផ្លើសការពិត ដែលបានធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់នាង។
លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក បានប្រាប់ Fresh News ឱ្យដឹងថា ការចូលបំភ្លឺ របស់កញ្ញា ខុម ចាន់ដារ៉ាទី ហៅ«ស្រីមុំ» នៅថ្ងៃស្អែកនោះ នឹងមានមេធាវីរបស់សមាគមអាដហុកទៅជាមួយផងដែរ។ លោកថា មេធាវីម្នាក់នោះគឺលោកស្រី ទ្រី ឈូន ដែលទៅចូលរួមស្តាប់ក្នុងការសាកសួរដោយសមត្ថកិច្ច។
លោកថា «យើងអត់អាចជួយអ្វីបានទេ ព្រោះនីតិវិធីនៅកន្លែងប៉ូលិស យើងគ្រាន់តែធ្វើយ៉ាងម៉េចឱ្យគាត់(មេធាវី) បានទៅចូលរួមស្តាប់ការសាកសួរ ជាធម្មតាទេអ្នកដែលមានបញ្ហាអីចឹងគាត់មានសិទ្ធិក្នុងការមានមេធាវីដើម្បីចូលរួមស្តាប់ការសាកសួរ» ។
មន្រ្តីសង្គមស៊ីវិលរូបនេះ បានអះអាងថា ចំពោះរឿងនេះ អាដហុកមិនបានចូលរួមក្នុងការជំរុញឱ្យ កញ្ញា ខុម ចាន់ដារ៉ាទី ចេញមុខបកស្រាយនោះទេ ហើយថានាងបានមករកអាដហុកដោយខ្លួនឯង ដើម្បីស្វែងរកយុត្តិធម៌។ លោកថា «ចំពោះរឿងនេះ អាដហុកមិនបានធ្វើការណែនាំគាត់ ឬក៏បញ្ចេះគាត់ឱ្យមកដាក់ពាក្យបណ្តឹង គឺថាគាត់បានមករកសមាគមយើងដោយខ្លួនឯង ហើយគាត់បានយកបណ្តឹងនោះមកខ្លួនឯង»។
សូមបញ្ជាក់ថា កាលពីល្ងាចម្សិលមិញ យុវតីម្នាក់ឈ្មោះ ខុម ចាន់ដារ៉ាទី ដែលអះអាងថាខ្លួនមានឈ្មោះ «ស្រីមុំ» ហើយជាម្ចាស់ Facebook ឈ្មោះ «Mon Srey» បានចូលខ្លួនស្វែងរកអន្តរាគមន៍ពីសមាគមអាដហុក ដើម្បីឱ្យជួយរកយុត្តិធម៌ដល់រូបនាង។ កញ្ញា ខុម ចាន់ដារ៉ាទី បានផ្តល់បទសម្ភាសដល់វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិកថា សំឡេងនៅក្នុងខ្សែអាត់ដែលផ្សាយថា រឿងអាស្រូវផ្លូវភេទនោះ មិនមែនជាសម្លេងរបស់នាងទេ។
នាងនិយាយថា នាងធ្លាប់ស្គាល់ លោក កឹម សុខា ពេលទៅទទួលសេវាកាត់សក់ កក់សក់នៅហាងដែលនាងបម្រើការ នៅភ្នំពេញ និងធ្លាប់បាននិយាយទូរស័ព្ទតិចតួចជាមួយគ្នា ប៉ុន្តែនាងថា នាងមិនដែលមានទំនាក់ទំនង ស្នេហាជាមួយ លោក កឹម សុខា នោះទេ៕