(កណ្តាល)៖ ថ្លែងនៅក្នុងពិធីពិធីបញ្ចុះបឋមសិលាសាងសង់ វិហារឥស្លាមដារុននួកម៉ាន លោក ហ៊ុន ម៉ាណែត បានថ្លែងថា «គ្រប់សាសនាទាំងអស់បានរស់រានមានជីវិតឡើងវិញក្រោយឆ្នាំ១៩៧៩ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកលើក តម្កើនគ្រប់សាសនាដែលជួយជម្រុញឱ្យបងប្អូន ប្រជាពលរដ្ឋខ្មែរ និងបងប្អូនឥស្លាមបានចូលរួមកសាងប្រទេសតាំងពីបាតដៃទទេ និងចូលរួមថែរក្សាសុខសន្តិភាព ដែលយើងបានមកដល់សព្វថ្ងៃនេះ ខុសពីបណ្តាប្រទេសដទៃដែលកាប់ឈ្លោះគ្នា សម្លាប់គ្នាដោយសារសង្គ្រាមសាសនា ប៉ុន្តែប្រទេសខ្មែរគ្មានសង្គា្រមសាសនានោះទេ»។
លោកបានលើកឡើងថា ប្រទេសយើងរីកចម្រើនមកដល់ម៉ោងនេះ ប្រទេសយើងឆ្លងកាត់សង្គ្រាម៣០ឆ្នាំ ប៉ុន្តែបើសិនជាយើងគ្មានការួបរួមគ្នាសាមគ្គីគ្នា ហើយបែកបាន់ផ្ទៃក្នុងសង្គ្រាមឈ្លោះគ្នាប្រកាន់ពណ៌សំបុរសាសនា មកដល់ម៉ងនេះ យើងមិនអាចរីកសម្រើនទៅមុខលឿនបានប៉ុណ្ណេះទេ ដោយសារសន្តិភាព ការសាមគ្គី សន្តិភាព ការស្រឡាញ់គ្នា ការមិនរើសអើងនេះហើយ ដែលយើងជៀសវាងនូវសង្គ្រាម ដែលយើងបានបញ្ចប់នៅឆ្នាំ១៩៩៨ ដោយគោលនយោបាយឈ្នះ ឈ្នះរបស់សម្តេច មិនឱ្យសង្គា្រមបែបសាសនាកើតឡើងដូចបណ្តាប្រទេសផ្សេងៗ ហើយមិនឱ្យមានការរើសអើងរវាងប្រជាជននិងប្រជាជន សាសនា ពណ៌សំបុរ។ លោកបានបញ្ជាក់ថា «ដោយសារយើងសាមគ្គីគ្នា ស្រឡាញ់គ្នា ការមិនរើសអើងនេះហើយបានធ្វើឱ្យ ភូមិយើងរីកចម្រើនទៅមុខ ឃុំយើងទៅមុខ ស្រុកយើងទៅមុខ ខេត្តយើងទៅមុខ ប្រទេសយើងទៅមុខ ហើយសូមឱ្យស្មារតីសាមគ្គី សុខសន្តិភាពនេះនៅលើទឹកដីកម្ពុជាបន្តស្ថិតស្ថេរ ហើយការស្ថិតស្ថេរនេះ គឺអាស្រ័យលើកត្តាថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ»។ ការដឹកនាំរបស់សម្តេចពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមច្នៃប្រឌិត ច្នៃប្រឌិតគឺដើម្បីធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋបានគ្រប់បែបយ៉ាង។ ជាក់ស្តែងជាង៣០ឆ្នាំនេះ យើងបានកសាងច្រើនប៉ុន្តែការធ្វើតែងតែខុស មានតែអ្នកមិនដែលធ្វើសោះមិនដែលខុស ប៉ុន្តែយើងបានធ្វើ និងបានកែលម្អរច្រើនដែលនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដើម្បីបម្រើប្រជាពលរដ្ឋ និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
លោកបានថ្លែងអំណរគុណសប្បុរសជន នៃប្រទេសម៉ាឡេស៊ី និងសប្បុរសជនខ្មែរដែលបានចូលរួមកសាងព្រះវិហារនេះ ដែលការកសាងនេះមិនបញ្ចប់ត្រឹមថ្ងៃនេះទេ ប៉ុន្តែការកសាងនេះ គឺជាទំនាក់ទំនងរវាងថ្នាក់ដឹកនាំនិថ្នាក់ដឹកនាំ រវាងប្រជាជននិងប្រជាជននៃប្រទេសទាំង០២។ លោក ហូសេន មូហាំម៉ាត់ ហ្វារីត ប្រធានអង្គការក្រុមប្រឹក្សាអ៊ីស្លាមអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា អស់រយៈកាលជាច្រើនឆ្នាំ អង្គការក្រុមប្រឹក្សាអ៊ីស្លាមអភិវឌ្ឍកម្ពុជា(ICDC) និងអង្គការសមាគម ដែលជា សមាជិកបានអនុវត្ត និងសំរេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈមានជាអាទិ៍៖ ការកសាងសំណង់ សាសនាមានម៉ាស្ជិត និងសូរ៉ាវសំណង់ អាគារសិក្សាធិការ ការអភិវឌ្ឍន៍ដីវ៉ាកាហ្វ គំរោងកុមារកំព្រា និងគំរោងសង្គមកិច្ចជាច្រើនទៀត។ សមិទ្ឋផលដែលបានរៀបរាប់ខាងលើមិនអាចសម្រេចបានឡើយ បើគ្មានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការទទួលជំនួយពីបរទេសដើម្បីកសាងនិងអភិវឌ្ឍសហគមន៍ខ្មែរអ៊ីស្លាម។ ជាក់ស្តែងដោយមានការទុក ចិត្តក្នុង ការដឹកនាំអង្គការ យើងខ្ញុំ ក្នុងការអភិវឌ្ឍន៍សហគមន៍ខ្មែរអ៊ីស្លាមនៅកម្ពុជា មានក្រុមប្រឹក្សាឥស្លាម នៃរដ្ឋ ជូហ៊ោ ប្រទេស ម៉ាឡេស៊ី បានឯកភាពផ្តល់ថវិកាស្មើ នឹងទឹកប្រាក់ប្រមាណ ៣០០,០០០ដុល្លារ តាមរយ:ការស្នើសុំ របស់អង្គការសម្ព័ន្ធបញ្ញាវ័ន្តមូស្លីមកម្ពុជា ហើយ វិហារនេះនឹង គ្រោងចំណាយថវិការប្រមាណ៧០០,០០០$ (ចិតសិបម៉ឺនដុល្លារ) ដែលមានទទឹង២៣មែត្រនិងបណ្តោយ៤១ម៉ែត្រ ជាវិហារធំជាងគេ នៅក្នុងខេត្តកណ្តាល និងជា វិហារធំជាងគេទី២នៅក្នុងប្រទេសបន្ទាប់ពីវិហារធំ អាល់សើរកាល់ភ្នំពេញ៕