(បន្ទាយមានជ័យ)៖ ដោយសារជម្លោះរឿងស្នេហា មិនអាចបំភ្លេចបានក្មេងទំនើង២ក្រុម ជិះម៉ូតូកាប់គ្នា ដូចរឿងហុងកុង១ បានធ្វើឲ្យ១ក្រុមដេកពេទ្យ ចំណែក១ក្រុមទៀតចូល ត្រូវបានចាប់ខ្លួន និងត្រូវបានតុលាការចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារ។

ដោយក្រោយពីកើតហេតុហើយ ម្ដាយរបស់ជនរងគ្រោះឈ្មោះ ខាន់ លីហ័ង អាយុ៣៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដាក់ពាក្យប្តឹងទៅអាវុធហត្ថ។

ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានអាវុធហ្ថក្រុងប៉ោយប៉ែត បានដឹកនាំអាវុធហត្ថ ចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ហើយឈានដល់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ស៊ុន រ៉ាម៉ី អាយុ១៧ឆ្នាំ
*ទី២៖ ឈ្មោះ ហៃ ម៉េងហាក់ អាយុ១៧ឆ្នាំ
*ទី៣៖ ឈ្មោះ ផាត ប្រុស អាយុ១៦ឆ្នាំ
*ទី៤៖ ឈ្មោះ ជិន មិថុនា អាយុ១៨ឆ្នាំ
*ទី៥៖ ឈ្មោះ ថន អារុណប្រាថ្នា អាយុ១៩ឆ្នាំ។

កម្លាំង ក៏បានដកហូតវត្ថុតាងរួមមាន៖ កាំបិតកែឆ្នៃដងដែក១ដើម, កាំបិតប៉័ងតោ១ដើម, ពូថៅ១ដើម និងម៉ូតូចំនួន២គ្រឿង។ សង្ស័យបានឆ្លើយសារភាពថា ពួកគេមានគំនុំជាមួយឈ្មោះ ឌឿន រ៉ានុត ដោយធ្លាប់កាប់មកលើពួកគេ និងដណ្ដើមសង្សារបស់ឈ្មោះ ស៊ុន រ៉ាម៉ី ទៀតផង៕