(កំពង់ធំ)៖ មជ្ឈមណ្ឌលការងារខេត្តកំពង់ធំ ត្រូវបានដាក់ឲ្យដំណើរការហើយ ដើម្បីការផ្តល់សេវាការងារ និងព័ត៌មានទីផ្សារឲ្យទូលំទូលាយការងារ និងឆាប់រហ័សជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ដែលពិធីនេះបានធ្វើឡើង ក្រោមវត្តមានលោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីលោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ លោក Lars-Ake Svensson នាយកគម្រោងរបស់ទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA) ប្រធានអង្គភាពមន្ទីរ ជុំវិញខេត្ត ប្រធានតំណាងអង្គការក្រៅរដ្ឋាភិបាលប្រចាំខេត្ត និងសិស្សានុសិស្សជាងមួយពាន់នាក់ផងដែរ ស្ថិតក្នុងបរិវេណមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជជីវៈខេត្តកំពង់ធំ នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន។

ក្រោយពីបញ្ចប់ការលើកនូវរបាយការណ៍មួយចំនួនពីសំណាក់លោក គង់ វិមានរួចមក លោកបណ្ឌិត ពេជ សោភ័ន បានលើកឡើងថាមជ្ឈមណ្ឌលការនេះ គឺជាមជ្ឈមណ្ឌលការងារទី៣ ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាង ទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈស៊ុយអេត និង NEA ក្នុងគម្រោងគាំទ្រការអភិវឌ្ឍជំនាញ និងការងារសម្រាប់យុវជននៅកម្ពុជា ដែលផ្តល់ហិរញ្ញប្បទានដោយទីភ្នាក់ងារសហប្រតិបតតិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA) ហើយក៏ជាមជ្ឈមណ្ឌលការងារទី៩ ដែលNEA បានដាក់ឲ្យដំណើរការក្នុងកិច្ចខិតខំពង្រីកការផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារ ឲ្យបានទូលំទូលាយ និងឆាប់រហ័សជូនប្រជាពលរដ្ឋ។

លោកបានបន្តទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានសម្រេច និងបន្តរក្សាបានយ៉ាងរឹងមាំនូវសន្តិភាព និងស្ថេរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច ការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង (ផ្លូវ ភ្លើង ទឹក) និងកសាង ធនធានមនុស្សដែលជាមូលដ្ឋានគ្រឹះសម្រាប់ការស្ទុះងើបឡើងនៃកំណើនសេដ្ឋកិច្ច។

លោកបានផ្តាំផ្ញើ និងសំណូមពរដល់យុវជនត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងចាប់យកមុខជំនាញមួយឲ្យបានជាក់លាក់ ត្រូវស្វែងរកការងារពិតប្រាកដដើម្បីបានប្រាក់ចំណូល។ សូមឲ្យស្ថាប័នអង្គភាពមន្ទីររដ្ឋ ឯកជនជួយផ្សព្វផ្សាយគាំទ្រដល់មជ្ឈមណ្ឌលការងារ ក្នុងការជ្រើសរើសបុគ្គលិក និងធ្វើការសិក្សាស្វែងយល់ដោយភាពជឿជាក់៕