(ភ្នំពេញ)៖ លោក អ៊ុំ សំអាន តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ បានបន្តដាក់សំណើសូមនាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បំភ្លឺពីការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចប្រហែល ៤ម៉ឺនហិកតា នៅខេត្តរតនគិរី ដោយកងទ័ពប្រជាជនវៀតណាម ដែលត្រូវបានចុះផ្សាយលើ សារព័ត៌មានខេមបូឌា ដេលី។
សំណើនេះត្រូវបានលោក អ៊ុំ សំអាន ដាក់ជូនសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ ហើយត្រូវបានសម្តេច ហេង សំរិន បញ្ជូនបន្តទៅសម្តេចតេជោ ហ៊ុន សែន រួចហើយកាលពីថ្ងៃទី០៩ ខែមីនា កន្លងទៅនេះ។
នៅក្នុងលិខិតនេះ លោក អ៊ុំ សំអាន បានលើងជាចម្ងល់ ៣សំណួររួមមាន៖
១. ហេតុអ្វីបានជាកងទ័ពប្រជាជនវៀតណាម ទទួលបានការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច នៅខេត្តរតនគិរី?
២. តើមានវត្តមានកងទ័ពប្រជាជនវៀតណាមនៅលើដីសម្បទានសេដ្ឋកិច្ច ដែលគ្រប់គ្រងដោយកងទ័ពប្រជាជនវៀតណាម នៅខេត្តរតនគិរីឬទេ?
៣. តើរាជរដ្ឋាភិបាលមានគម្រោងដកហូតដីសម្បទានសេដ្ឋកិច្ច ដែលគ្រប់គ្រងដោយកងទ័ពប្រជាជនវៀតណាម នៅខេត្តរតនគិរី ឬទេ?