(ស្ទឹងត្រែង)៖ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តទៅតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ បច្ចេកទេសចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវមួយខ្សែតភ្ជាប់ពីត្រើយម្ខាងនៃស្ពានមិត្តភាពកម្ពុជា-ចិនសេកុង ឆ្ពោះទៅកាន់ភូមិហាងឃូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ផ្លូវកំពុងស្ថាបនាពេលនេះជាប្រភេទផ្លូវក្រាលក្រួសក្រហម ប្រវែង៤,៤៨០ម៉ែត្រ ទទឹង៧ម៉ែត្រ និង៩ម៉ែត្រ ចាប់ពីគល់ស្ពានសេកុង ដល់ព្រំប្រទល់ឃុំសាមឃួយ ស្រុកសេសាន ក្នុងនោះមានការងារចាក់ដីបំពេញទីធ្លាគល់ ស្ពានសេកុង ការងារដាក់លូប្រអប់ និងលូទោលគ្រប់ប្រភេទ ព្រមទាំងការងារតម្លើងស្ពានដែកបាទ្បេ នៅចំណុចអូរសាឃូន ចំនួន១កន្លែង ប្រវែង៣៦ម៉ែត្រ ក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
លោក ម៉ុម សារឿន បានបន្តថា ផ្លូវមួយខ្សែនេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋ តាមរយៈរដ្ឋបាលខេត្ត ដើម្បីស្ថាបនានិងតភ្ជាប់ពីចំណុចត្រើយម្ខាងនៃគល់ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្ពោះទៅភូមិហាងខូបាន ដែលនឹងបង្កលក្ខណៈងាយស្រួលកាន់តែច្រើនសម្រាប់បហរជាពលរដ្ឋមូលដ្ឋានក្នុងការធ្វើដំណើរ។
លោកបានឡើងថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ ១ខ្សែនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សានុុសិស្សបានធ្វើដំណើរទៅមកសាលារៀននៅថ្ងៃខាងមុខ។
លោក ម៉ុម សារឿន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ បើទោះបីស្ថិតនៅក្នុងបរិបថនៃការរាលដាលជំងឺកូវីដ១៩ យ៉ាងណាក្តី ក៏រាជដ្ឋាភិបាលនៅតែបន្តខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ជាមួយគ្នានេះ អភិបាលខេត្តបានណែនាំដល់ក្រុមការងារស្ថាបនាផ្លូវត្រូវខិតខំប្រឹងប្រែងក្នុងការស្ថាបនាឲ្យបានលឿននិងស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីឱ្យការប្រើប្រាស់ផ្លូវបានយូអង្វែង៕