(កណ្ដាល)៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បាននាំយកស្បៀងអាហាររបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយជំងឺកូវីដ១៩ ក្នុងឃុំព្រែកគយ ចំនួន២៣៧គ្រួសារ។
ស្ថិតក្នុងឱកាសនេះ លោក ញឹម វណ្ណឌិន បានលើកឡើងថា ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅក្នុងស្រុកស្អាង ហើយផ្សារមួយចំនួនត្រូវបានបិទ រោងចក្រសហគ្រាសមួយចំនួន ត្រូវបានផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ការប្រកបមុខរបបមួយចំនួនក៏ត្រូវបាន ផ្អាកជាបណ្ដោះអាសន្នផងដែរ ដែលកត្តាទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្អាង ពិសេសប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ក្រ១ ក្រ២ ជាដើម។
លោកបានថាកត្តាទាំងនេះតម្រូវឱ្យរដ្ឋបាលស្រុក ត្រូវយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ដោយអនុវត្តតាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ ឬខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរនៅមូលដ្ឋានឡើយ។
ក្នុងឱកាសប្រគល់ស្បៀងអាហារនេះដែរ លោកអភិបាលស្រុកស្អាង បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ១៩ឡើយ ពីព្រោះវាជាបញ្ហាប្រឈមរួមរបស់យើងទាំងអស់គ្នា ដូច្នេះតម្រូវឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតរបស់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ១៩ ចូលក្នុងសហគមន៍ ជាពិសសេសស្រុកស្អាងនេះ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំសម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ «៣ការពារ និង៣កុំ» ដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ដើម្បីឈានទៅដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឱ្យបាននាពេលខាងមុខ។
ស្បៀងអាហារដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង ២៣៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ១០គីឡូ មី ១កេស និងត្រីខ ១យួរ៕