(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណមនុស្សចំនួន៩នាក់បន្ថែមទៀត ដែលឆ្លងជំងឺកូវីដ១៩ រស់នៅក្រុងកំពង់ឆ្នាំង និងស្រុកសាមគ្គីមានជ័យ តាមរយៈការធ្វើតេស្ដរហ័ស។
ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មនុស្សទាំង៩នាក់ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ មានអ្នកសារព័ត៌មាន, កម្មកររោងចក្រ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល និងអ្នកធ្លាប់ប៉ះពាល់ជាមួយអ្នកដែលរកឃើញវិជ្ជមានកាលពីពេលកន្លងទៅ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង៩នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន កំពង់ត្រឡាច៕