(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News មានការសោកស្តាយជាខ្លាំង នៅពេលបានស្តាប់សម្តីដ៏សែនគ្រោតគ្រាត ពីអភិបាលខេត្តរតនគិរី លោក ថង សាវុន ក្នុងនាមលោកជាមន្រ្តី ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ផ្តល់សេចក្តីទុកចិត្តឲ្យទៅមើលការខុសត្រូវ និងគ្រប់គ្រងដឹកដីប្រជាពលរដ្ឋរាប់ម៉ឺននាក់ នៅភូមិភាគឦសាន នៃប្រទេស តែសូម្បីវិធីឆ្លើយសំណួររបស់អ្នកព័ត៌មានឲ្យបានសមរម្យ លោកក៏មិនអាចធ្វើបាន។
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ អង្គភាពព័ត៌មាន Fresh News ទទួលបានលិខិតមួយច្បាប់របស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ផ្ញើជូនទៅសម្តេចតេជោ ហ៊ុន សែន ឲ្យស្រាយបំភ្លឺលើរឿងដែលកាសែតខេមបូឌា ដេលី ចេញផ្សាយថា «កងទ័ពប្រជាជនវៀតណាមគ្រប់គ្រង ដីសម្បទានសេដ្ឋកិច្ចប្រមាណ ៤ម៉ឺនហិកតា នៅខេត្តរតនគិរី» តាមសំណើរបស់លោក អ៊ុំ សំអាន អ្នកតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ។
ក្រោយទទួលបានលិខិតនេះ អ្នកព័ត៌មាន Fresh News បានស្វះស្វែងរកកាបញ្ជាក់ឲ្យបានកាន់តែច្បាប់ថែមទៀត ពីមន្រ្តីរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការចេញផ្សាយរបស់កាសែត ខេមបូឌា ដេលី ក្នុងនោះរួមមានអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ាង សុផ្លែតផងដែរ។ ដោយសារជាប់រវល់ប្រជុំ និងក្តាប់ព័ត៌មានមិនទាន់បាន លោក អ៊ាង សុផល្លែត ក៏សុំឲ្យរង់ចាំដល់លោកបញ្ចប់កិច្ចប្រជុំ និងសុំពេលពិនិត្យ របាយការណ៍ជាមុនសិន។
បន្ទាប់ពីមិនអាចសុំការបំភ្លឺពីលោក អ៊ាង សុផល្លែត នៅម៉ោង ៣៖៣៣នាទីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ លោក វ៉ាន់ សារាយ និពន្ធនាយករងអង្គភាពព័ត៌មាន Fresh News ព្រោះតែចង់បានព័ត៌មានឲ្យកាន់តែច្បាស់ និងតុល្យការទៅជុំវិញការចេញផ្សាយខាងលើនេះ ក៏បានភ្ជាប់ទូរស័ព្ទទៅកាន់អភិបាលខេត្តរតនគិរី លោក ថង សាវុន។
បន្ទាប់ពីលោក ថោង សាវុន លើកទូរស័ព្ទ លោក វ៉ាន់ សារាយ ក៏បានគោរពជម្រាបសួរលោកអភិបាលខេត្ត ដោយក្តីគោរពក្នុងនាមជា អ្នកព័ត៌មាន និយាយទៅកាន់មន្រ្តីរាជរដ្ឋាភិបាល ដែលត្រាស់បង្គាប់តែងតាំងដោយព្រះរាជក្រឹត្យ ពីព្រះមហាក្សត្រខ្មែរ សម្តេចព្រះករុណាព្រះបាទ បរមនាថ នរោត្តម សីហមុនី។
លោក វ៉ាន់ សារាយ «អាឡូ! ជម្រាបសួរបង ខ្ញុំបាទ វ៉ាន់ សារាយ ខលពីអង្គភាពព័ត៌មាន Fresh News»។ ក្រោយពីខលចូល និងរៀបរាប់បញ្ជាក់ អត្តសញ្ញាណ និងបង្ហាញពីវត្ថុបំណងហើយ ក៏ផ្តើមសំណួរទៅកាន់លោកអភិបាលខេត្ត ដោយរំពឹងនឹងបានព័ត៌មានអាចយកទៅបំភ្លឺជូនមិត្តអ្នកអានឲ្យបាន ជ្រាបច្បាស់ថា តើការពិតជុំវិញការចុះផ្សាយនេះ វាយ៉ាងណានោះ?
តែអ្វីដែលរំពឹងទុកប្រែជាខកបំណង ព្រោះត្រូវលោកអភិបាលថ្លែងតបមកវិញ ជាមួយពាក្យពេចន៍ស្វាគមន៍យ៉ាងគ្រោតគ្រាត ស្ទើរដាច់ផ្ងា។ លោកអភិបាលខេត្ត ថង សាវុន «អត់មានទេ! ពួកលោកកាសែតឯងហ្នឹង កុំអង្គុយនៅតែកន្លែងចេះថាពេក ចុះមកមើលខ្លួនឯងទៅ ចម្ងាយផ្លូវជាង ៦០០គីឡូទេ កុំអង្គុយតែកន្លែងពេក! បានហើយ!»។ បន្ទាប់ពីថ្លែង មាុំង! មាុំង! ហើយ លោកអភិបាលខេត្តក៏ចុចបិទទូរស័ព្ទទៅ។
មិនត្រឹមអ្នកព័ត៌មានរបស់ Fresh News ដែលត្រូវលោកអភិបាលខេត្ត ថង សាវុន ឆ្លើយតបសម្តីបែបមិនថ្លៃថ្នូរបែបនេះ កាលពីថ្ងៃទី២២ ខែកុម្ភៈ ពេលដែលព្រះអង្គម្ចាស់ក្សត្រិយ៍ សិរិនថន យាងសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលសុខភាពអូរជុំ អ្នកព័ត៌មានទូរទស្សន៍ជាតិ និងទីភ្នាក់ងារព័ត៌មានជាតិ AK ដែលស្លៀកពាក់ឯកសណ្ឋាន ចងក្រវ៉ាត់ក យ៉ាងសមសួនហើយនោះ ក៏ត្រូវលោក ថង សាវុន ស្តីឲ្យដូចគ្នា។ លោក ថង សាវុន បានចង្អុលមុខ ហើយស្តីថា «ពួកលោកឯងនរណាហៅមក មកថតហ្នឹង»។
អង្គភាពព័ត៌មាន Fresh News ពិតជាមានការសោកស្តាយខ្លាំងណាស់ ចំពោះអាកប្បកិរិយារបស់លោកអភិបាលខេត្តរតនគិរី ដែលមិនគួរណា រូបលោកជាមន្រ្តីមានតួនាទីខ្ពង់ខ្ពស់មួយរូប បែរជាមិនអាចរកពាក្យឆ្លើយតបឲ្យបានសមរម្យជាមួយអ្នកព័ត៌មាន។
ប្រព័ន្ធផ្សព្វផ្សាយត្រូវបានគេចាត់ទុកថា ជាអ្នកនាំយក និងចែកចាយដ៏ធំមួយនូវព័ត៌មានដំណឹងនានា ពាក់ព័ន្ធដំណើរការវិវឌ្ឍនៅក្នុងសង្គមជាតិ ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាល និងទៅកាន់ពិភពលោកផងដែរ ព្រោះតែហេតុនេះ អ្នកព័ត៌មានតែងតែព្យាយាមស្វះស្វែងរករាល់ការ ឆ្លើយតបគ្រប់តួអង្គពាក់ព័ន្ធនៅក្នុងរឿងហេតុនីមួយ ហើយរបបសាព័ត៌មាន ក៏បានកំណត់ផងដែរថា អ្នកព័ត៌មានមានសិទ្ធិក្នុងការទទួល បានព័ត៌មានពីប្រភព ដែលបាក់ព័ន្ធ។
អង្គភាពព័ត៌មាន Fresh News រំពឹងថា លោក ថង សាវុន នឹងបានជ្រាបច្បាស់ពីសិទ្ធិ និង ករណីកិច្ចរបស់អ្នកព័ត៌មានក្នុងការស្វះស្វែងរក ការបញ្ជាក់ពីប្រភពពាក់ព័ន្ធ នៃព័ត៌មាននីមួយៗ។ ប្រព័ន្ធផ្សព្វផ្សាយ មិនមានតួនាទីគ្រប់គ្រងដីធ្លីនៅតំបន់ណាមួយ ដូចមន្រ្តីរាជរដ្ឋាភិបាលនោះឡើយ។ ហេតុដូច្នេះ ដើម្បីបានជ្រាបច្បាស់រឿងរ៉ាវណាមួយ មានតែការសាកសួរទៅមន្រ្តីគ្រប់គ្រងតំបន់នោះតែប៉ុណ្ណោះ៕