(កោះកុង)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកោះកុង បានបើកពិធីក្រុងពាលីបើកការដ្ឋានសាងសង់កំពង់ផែថ្មី ស្ថិតនៅមាត់ព្រែកកោះប៉ោរ ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជំនួសកំពង់ចាស់ដែលមានសភាពទ្រុឌទ្រោម។
ពិធីក្រុងពាលីបើកការដ្ឋានសាងសង់កំពង់ផែថ្មីនេះ ប្រព្រឹត្តធ្វើឡើងក្រោមវត្តមានលោក ម៉ក់ ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងមានការចូលពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមន្ត្រីរាជការគ្រប់បណ្តាស្ថាប័ន្នជុំវិញខេត្តផងដែរ។
លោក អន ដាវុធ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកោះកុង បានលើកឡើងថា «គម្រោងសាងសង់កំពង់ផែថ្មី នៅក្នុងខេត្តកោះកុង ជាប្រភេទផែបេតុង មានបណ្តោយប្រវែង ៦៩ម៉ែត្រ ទទឹង១៦.៥ម៉ែត្រ ជាប់នឹងកំពង់ផែចាស់ ដែលមានលក្ខណទ្រុតទ្រោម»។
លោក អន ដាវុធ បានបន្ថែមថា គម្រោងអភិវឌ្ឍន៍សាងសង់កំពង់ផែថ្មីនេះ ដើម្បីឱ្យដំណើរការប្រព្រឹត្តដោយជោគជ័យ លោកសូមអធ្យាស្រ័យដល់ការរំខានខ្លះៗ ដែលកើតមានពីការសាងសង់កំពង់ផែ។ល។ ដូច្នេះ សូមប្រជាពលរដ្ឋមិនមានការចបាច់ទេ សូមកុំចេញចូលបរិវេណសាងសង់ខ្លាចមានកើតគ្រោះថ្នាក់ជាយកថាហេតុក៏ដូចជាការរំខានការសាងសង់ផងដែរ និងសូមបងប្អូនចូលរួមសហការក្នុងការសាងសង់ដោយរលូន ដើម្បីអភិវឌ្ឍន៍ក្នុងខេត្តឱ្យមានសក្តានុពល និងមានសោភ័ណភាព និងជាខឿងផ្នែកវិស័យសេដ្ឋកិច្ច និងវិស័យទេសចរណ៍ទៅអនាគត។
លោក ម៉ក់ សុីដេត បានឱ្យដឹងថា «ការបើកការដ្ឋានសាងសង់កំពង់ផែថ្មីនេះ គឺជាខឿនសេដ្ឋកិច្ចមួយដ៏សំខាន់ក្នុងដឹកជញ្ជូនទំនិញចេញចូលទៅប្រទេសជិតខាងដូចជាទំនិញកម្ពុជា និងទំនិញពីប្រទេសថៃ យើងអាចផ្លាស់ប្តូរនៅកំពង់ផែនេះ ហើយមូយទៀតយើងបង្កើនក្នុងផ្នែកវិស័យទេសចរណ៍ក្នុងដំណើរទេសចរណ៍ តាមធម្មជាតិមាត់ព្រែកយើងអាចចុះ ឬចតទូកនៅទីនេះបាន»។
លោកបានបញ្ជាក់ថា ការសាងសង់គម្រោងកំពង់ផែថ្មីនេះ ដោយយើងបានអនុវត្តន៍តាមគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីឱ្យមានការទំនាក់ទំនងល្អ រវាងប្រទេសជិតខាងក្នុងការដឹកជញ្ជូនទំនិញក្នុងផ្លាស់ប្តូរផ្នែកវិស័យសេដ្ឋកិច្ចរវាងប្រទេសជិតខាងទាំងប្រទេសវៀតណាម និងប្រទេសថៃ ដែលមានលំហរសមុទ្រជាប់ព្រំដែនគ្នា៕