(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់អំពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់បន្ថែមទៀត រស់នៅភូមិស្រម៉ ឃុំបុសមន ស្រុករំដួល ជាកម្មកររោងចក្រមួយកន្លែង ស្ថិតនៅតំបន់ SEZ មេនហាតធេន។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ករណីនេះមានអ្នកប៉ះពាល់ចំនួន២០៦នាក់ ត្រូវបានក្រុមការងារយកវត្ថុវិភាគសំណាកធ្វើតេស្ដ និងដាក់ឲ្យធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាព។ ដោយឡែកអ្នកជំងឺ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល។
ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ណេ ពិសី អាយុ៤០ឆ្នាំនេះ គិតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ប្រសិនបើមានអាការៈសង្ស័យត្រូវទាក់ទងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕