(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បាននាំយកអំណោយរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ទៅចែកជូនប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ នៅភូមិស្ទឹងជ្រៅ និងភូមិព្រែកតាពៅ សង្កាត់ដើមមៀន នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ។
អំណោយទាំងនេះ ត្រូវបានបែងចែកក្រុមការងារជា២ចំណែក ចែកតាមភូមិនីមួយៗ គឺអំណោយ៧០គ្រួសារ ត្រូវបានចែកជូនពលរដ្ឋនៅភូមិស្ទឹងជ្រៅ តាមរយៈលោក គង់ ស៊ីដន ស្នងការរងនគរបាលខេត្តកណ្ដាល និងក្រុមការងារការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ជាច្រើននាក់ផងដែរ។ រីឯមួយចំណែកទៀតចំនួន ៨០គ្រួសារ ត្រូវបានលោកស្នងការដឹកនាំក្រុមមន្ត្រីចុះចែកដោយផ្ទាល់នៅភូមិព្រែកតាពៅ សង្កាត់ដើមមាន។
នាឱកាសនោះដែរ លោកស្នងការ បានលើកឡើងថា នេះជាការឆ្លើយតបតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនទុកឱ្យគ្រួសារណាមួយដាច់បាយដោយអាជ្ញាធរមិនបានដឹងនោះឡើយ។
លោកក៏បានផ្ដាំផ្ញើរដល់ពលរដ្ឋទាំងអស់ បន្តអនុវត្តន៍តាមគោលការណ៍របស់ក្រសួងសុខាភិបាល និងអនុសាសន៍៣កុំ ៣ការពារ ឱ្យបានល្អបំផុត ដើម្បីរួមគ្នាកម្ចាត់ជំងឺកូវីដ១៩ ចេញឱ្យអស់ពីប្រទេសកម្ពុជា។
សូមជម្រាបថា អំណោយដែលចែកជូមពលរដ្ឋក្នុងមួយគ្រួសារទទួលបាន៖ អង្ករ១០គីឡូក្រាម មី១កេស ត្រីខ៥កំប៉ុង ទឹកត្រី ស៊ីអ៊ីវ៤ដប ម៉ាស១ដុំ៕