(ភ្នំពេញ)៖ ចាប់តាំងពីថ្ងៃម្សិលមិញ សាធារណជនបានចាប់អារម្មណ៍ខ្លាំងលើសំណុំរឿងប្តឹងបកគ្នាទៅវិញទៅមករវាងឧកញ៉ា ហេង សៀ និងពិធីការិនី មាន ពេជ្ររីតា ក្នុងហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ដោយនៅក្នុងនោះឧកញ៉ា ហេង សៀ បានប្តឹងពិធីការិនី មាន ពេជ្ររីតា ពីបទលួចមានស្ថានទម្ងន់ទោស ចំណែកឯពិធីការិនី មាន ពេជ្ររីតា ប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងចាប់រំលោភសេពសន្ធវៈនៅក្នុងរថយន្ត។
អត្ថាធិប្បាយពិតជាមានច្រើនក្នុងចំណោមសាធារណជនដែលបានទទួលតែព៌ត័មានមួយចំនួន និងភស្តុតាងខ្លះនៃអង្គហេតុ ដែលត្រូវបានផ្សព្វផ្សាយ និងចែករំលែកតាមបណ្តាញសារព័ត៌មាន ក៏ដូចជាបណ្តាញសង្គមនានា ហើយរហូតដល់បងប្អូនបានធ្វើបុរេវិនិច្ឆ័យទៅលើអង្គហេតុដែលបានកើតឡើងថែមទៀត។ ក្នុងសំណុំរឿងនេះ៖
១៖ បើបងប្អូនពិតជាស្រឡាញ់យុត្តិធម៌ សូមគាំទ្រការស្វែងរកការពិត! ការគាំទ្រភាគីម្ខាង ដោយមិនទាន់បានដឹងការពិត ឬការរកឃើញការពិត គឺនឹងធ្វើឱ្យចិត្តលម្អៀងបាត់បង់លំនឹងនៃភាពយុត្តិធម៌ក្នុងចិត្ត។
២៖ អ្វីដែលបងប្អូនបានដឹងអំពីសំណុំរឿងនេះ តាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម គឺគ្រាន់ផ្នែកមួយនៃអង្គហេតុប៉ុណ្ណោះ ហើយព័ត៌មានទាំងនេះ ក៏មិនទាន់អាចបញ្ជាក់បានការពិតនៅឡើយទេ។ មានតែស្ថានប័នដែលមានសមត្ថកិច្ច រួមមាន មន្រ្តីនគរបាលយុត្តិធម៌, ព្រះរាជអាជ្ញា និងស្ថាប័នតុលាការប៉ុណ្ណោះ ដែលមានភារកិច្ច និងការទទួលខុសត្រូវតាមផ្លូវច្បាប់ ដើម្បីស្រាវជ្រាវអោយបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីរកការពិតឱ្យឃើញ និងផ្តល់យុត្តិធម៌ដល់ភាគីពាក់ព័ន្ធ។
៣៖ ស្ថាប័នតុលាការ កំពុងតែសកម្មធ្វើការងារ ក្រោយការតាមដានដោយយកចិត្តទុកដាក់ពីសំណាក់ក្រសួងយុត្តិធម៌, ពីសំណាក់បណ្តាញសារព័ត៌មាន និងពីសំណាក់បងប្អូនសាធារណជនទាំងអស់!
ក្នុងដំណើរការនីតិវិធីតុលាការ ដើម្បីកំណត់ភាគីណាខុស ដែលត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់គឺត្រូវការស្រាវជ្រាវឱ្យបានច្បាស់លាស់ ពេញលេញ និងគ្រប់ជ្រុងជ្រោយ មុននឹងធ្វើសេចក្តីសន្និដ្ឋាន រកឱ្យឃើញដំណើររឿងពិត និងអង្គហេតុពិតប្រាកដក្នុងសំណុំរឿងទាំងពីរនេះ។ ភាពអត់ធ្មត់និងការពិចារ ណាដោយឈរលើមូលដ្ឋានភស្តុតាង គ្រប់ជ្រុងជ្រោយ គឺជាអ្វីដែលយើងទាំងអស់គ្នានៅក្រៅឆាកគួរតែប្រកាន់យក ខណៈតុលាការបាននិងកំពុងអនុវត្តនីតិវិធីរបស់ខ្លួន ហើយក្រសួងយុត្តិធម៌ក៏បានបញ្ជាក់ ពីការបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះករណីនេះ ដើម្បីធ្វើឲ្យប្រាកដប្រជាថា ចំណាត់ការតាមផ្លូវច្បាប់នឹងត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ក្នុងសំណុំរឿងនេះ ព្រមទាំងបានអំពាវនាវដល់សាធារណៈជនមេត្តារក្សាភាពស្ងប់ស្ងាត់ និងទុកសមត្ថកិច្ចនេះជូនទៅ ស្ថាប័នតុលាការដំណើរការចំណាត់ការតាមនីតិវិធីរបស់ខ្លួន។
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ កញ្ញា មាន ពេជ្ររីតា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងជាបណ្តោះអាសន្ន ហើយតាមការស្នើសុំរបស់ក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន ដឹកនាំដោយលោក គី តិច។ ការតតាំងគ្នាលើផ្លូវច្បាប់ដោយឈរលើមូលដ្ឋានខាននៃអង្គហេតុពិតប្រាកដ គឺជាភាពចាំបាច់បំផុត និងអ្វីដែលត្រូវបានអនុវត្តនៅក្នុងប្រទេសនីតិរដ្ឋ ដូចព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១